(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គការសុខភាពពិភពលោក WHO បាននិយាយថាវីរុស COVID-19 បំប្លែងថ្មី Omicron ទំនងជាមិនអាក្រក់ ឬខ្លាំង ជាវីរុសបំប្លែងថ្មីដទៃទៀតឡើយ ខណៈការសិក្សានៅតែបន្តធ្វើឡើងនៅឡើយកំណត់ឱ្យបានច្បាស់ថាវាមានភាពកាចសាហាវប៉ុនណា។
នាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការ WHO លោក Michael Ryan ធ្វើការសន្និដ្ឋានបឋមខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Michael Ryan បានបញ្ជាក់ថា «អាចទៅរួចថាវាអាចចម្លងជំងឺបានលឿនរហ័សជាងវីរុសបំប្លែងថ្មីមុនៗ ហើយក៏អាច ទៅរួចដែរដែល Omicron ទំនងជាមិនអាចទម្លុះប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំងបានទាំងស្រុងនោះដែរ»។
បើតាមលោក Michael Ryan ទិន្នន័យបឋមមិនបានបញ្ជាក់ថា Omicron អាចបង្កជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែគេនៅតែត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់ឱ្យ កាន់តែច្បាស់ជាងនេះ។ ការលើកឡើងបែបនេះរបស់លោក Michael Ryan គឺស្រដៀងគ្នាទៅនឹងអ្នកជំនាញអាមេរិកលោក Anthony Fauci ដែលបានអះអាងថា Omicron មិនអាក្រក់ ឬខ្លាំងដូចវីរុសបំប្លែងខ្លួន Delta ដែលកំពុងវាយលុកយ៉ាងដំណំ នៅទូទាំងសហរដ្ឋអាមេរិកនោះទេ៕
ប្រភព៖ AFP
មតិយោបល់