ប៉ៃលិនៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៧ និង៣៥នាទីថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីលួច (កាច់កម៉ូតូ)ចំនួន០១ករណី កើតឡើងនៅចំណុចក្នុងផ្សារសាមគ្គី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយបាត់ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ផ្លាកលេខ ប៉ៃលិន១C- ៣៤២៦ ។
ជនរងគ្រោះឈ្មោះ ហ៊ឹម លីហ៊ុយ ភេទស្រី អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
នៅវេលាម៉ោងប្រហែល១៧ និង២០នាទីជនរងគ្រោះបានជិះម៉ូតូមកទុកនៅខាងមុខតូបរបស់កុងកាហ្វេ រួចចាក់សោកម៉ូតូ និងបានដើរចូលទៅតូបក្នុងផ្សារ រហូតដល់វេលាម៉ោងប្រហែល១៧ និង៣៥នាទី ជនរងគ្រោះចេញមកវិញស្រាប់តែមិនឃើញម៉ូតូរបស់គាត់តែម្តង ។
ក្រោយពេលកើតហេតុកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន រួមទាំងកម្លាំងនៃស្នងការដ្ឋានបានចុះទៅពិនិត្យកន្លែងកើតហេតុ សាកសួរព័ត៌មាន ដើម្បីកំណត់មុខសញ្ញារបស់ជនសង្ស័យ ។
បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ហើយបច្ចុប្បន្នកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលកំពុងតាមដានស្រាវជ្រាវរកមុខសញ្ញារបស់ជនសង្ស័យជាបន្ត៕
មតិយោបល់