ភ្នំពេញៈ ក្រោយពីមានការចុះផ្សាយរបស់ស្ថាប័នសារព័ត៌មានអេឡិចត្រូនិច Fresh News ពាក់ព័ន្ធករណី ជនសង្ស័យស្រីវ័យក្មេង ត្រូវថៅកែហាងលក់សាច់ឆ្កែប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ព្រោះតែលួចលុយ ៣០ដុល្លារនោះ ស្រាប់តែមានការប្រតិកម្មជាច្រើនពីសំណាក់ មន្ត្រីគ្រាក់ៗរបស់រដ្ឋាភិបាល រួមមាន លោក ហ៊ុន ជា ក្មួយប្រុសបង្កើតសម្តេចនាយករដ្ឋមន្ត្រី និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជាដើម ដែលទាមទារសុំឲ្យមានការ ពិនិត្យលើករណីនេះឲ្យបានច្បាស់លាស់ សំដៅស្វែងរកសេចក្តីអនុគ្រោះដល់យុវតីជាជនសង្ស័យ។
ពាក់ព័ន្ធករណីនេះលោក ទៀង ច័ន្ទសា អធិការខណ្ឌឬស្សីកែវ បានថ្លែងថា ចំពោះរឿងនេះក្នុងមានលោកជានគរបាលយុត្តិធម៌ នៅពេលមានបទល្មើស លោកត្រូវតែអនុវត្តច្បាប់ ដោយមិនគិតថា ជាបទល្មើសធំ ឬតូច នោះទេ។
លោកបន្ដថា ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ លោកបានធ្វើការរាយការណ៍ជូនព្រះរាជអាជ្ញា ដើម្បីសុំគោលការណ៍ និងឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ឲ្យចាត់ការតាមនីតិវិធីតែប៉ុណ្ណោះ។
ដោយឡែកលោក សេង ហៀង ជាតំណាងអយ្យការកាន់សំណុំរឿង បានថ្លែងថា លោកកំពុងពិនិត្យលើសំណុំរឿងនេះ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ មុនពេលសម្រេចថានឹងត្រូវបន្តនីតិវិធីយ៉ាងណា តទៅទៀត។
គួររំឭកថា ជនសង្ស័យឈ្មោះ ទូច ស្រីគន្ធ អាយុ១៧ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ថៅកែហាងលក់សាច់ឆ្កែ យីហោ «ស្រីពៅ៩៩» ទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ៕
https://youtu.be/hVmtwSbeaKk
មតិយោបល់