ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកពីក្រោយម៉ូតូសេ១២៥ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

កណ្តាល: បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ខណ:ដែលរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បុកចំពីក្រោយចំយ៉ាងពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទី ល្ងាចថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។

នគរបាលចរាចរណ៍ស្រុកពញ្ញាឮ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ទី១ឈ្មោះ មិត្ត គីមឡុង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាឡត ឃុំខ្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ) និងម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះ ណាត ស្រីណាក់ ភេទស្រី អាយុប្រហែល១៧ឆ្នាំ មានទីលំនៅភូមិបដិមាករ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល របួសធ្ងន់។

នគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-7873 បើកបរក្នុងទិសដៅពីលិចទៅកើត លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងទិសដៅស្របគ្នា ពីក្រោយបុកបណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ភ្លាមៗតែម្តង ចំណែករថយន្តក្រោយពីបង្កហេតុ បានបើកគេចខ្លួនបាត់ ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបានប្រគល់សាកសពជនរងគ្រោះរួមនឹងម៉ូតូទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ៕

មតិយោបល់