ព័ត៌មានជាតិ

ស៊ាំយ៉ុងដឹកសិប្បកម្មកែច្នៃ បុកចូលផ្ទះពលរដ្ឋ គៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់ស្រាល៣នាក់

ក្រចេះ: រថយន្តសាំយ៉ុងដឹកសិប្បកម្មកែច្នៃមួយគ្រឿង បើកលឿនដូចព្យុះ ជ្រុលទៅបុកផ្ទះរបស់ពលរដ្ឋបាក់សសរ ហើយជ្រុលធ្លាក់ទៅខាងក្រោមផ្ទះ បង្កឲ្យមនុស្សចំនួន៣នាក់ គៀបជាប់ក្នុងរថយន្ត រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៩កុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្លូវកែងទំនប់ ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងហេតុការណ៍បានឲ្យដឹងថា រថយន្តសាំយ៉ុងដឹកសិប្បកម្មកែច្នៃខាងលើ បានធ្វើដំណើរឆ្លងកាត់ក្រុងក្រចេះ មកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតធ្លាក់ផ្លូវ ត្រូវបានគេសង្ស័យថា បើករត់គេចពីការប្រម៉ាញ់របស់សមត្ថកិច្ច បើកបរក្នុងល្បឿនលឿនជ្រុលទៅបុកសសរផ្ទះរបស់ប្រជាពលរដ្ឋ នៅចំណុចខាងលើបាក់ ហើយក៏ជ្រុលធ្លាក់ទៅជម្រៅផ្នែកខាងក្រោមផ្ទះបង្កឲ្យមនុស្សចំនួន៣នាក់ នៅក្នុងរថយន្តនោះ គៀបជាប់ក្នុងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងនគរបាលចរាចរណ៍ រួមជាមួយនិងអ្នកភូមិជួយអន្តរាគមន៍គាស់ចេញបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ ។

មន្ត្រីនគរបាលចរាចរណ៍នៃស្នងការរដ្ឋាននគរបាលខេត្តបានឲ្យដឹងថា រថយន្តសាំយ៉ុងខាងលើ ពាក់ស្លាក់លេខ ភ្នំពេញ 2S-9327 បើកបរដោយឈ្មោះ រាំ សារ៉ាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិមហាលាភត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងមានអ្នករួមដំណើរឈ្មោះ ស៊ន់ ម៉ូលីដា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិមហាលាភជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ត្រូវជាប្រនពន្ធ) រួមនឹងព្រូរថយន្តម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ពលរដ្ឋនៅចំណុចខាងលើបានបញ្ជាក់ថាពួកគាត់មានការព្រួយបារម្ភចំពោះសុវត្ថិភាពខ្លាំងណាស់សព្វថ្ងៃនេះ ការគ្រោះចរាចរណ៍កើនឡើងគួរឲ្យបារម្ភព្រោះថាជារៀងរាល់យប់ថ្ងៃគេសង្កេតឃើញរថយន្តដឹកឈើប្រភេទសាំយ៉ុង ដែលបើកបរដោយការវ៉ាប្រជែងគ្នា ដោយមិនដែលឃើញសមត្ថកិច្ចដែល ពាក់ព័ន្ធណាបង្ក្រាបនោះទេ៕

មតិយោបល់