ព័ត៌មានជាតិ

មុខសញ្ញាគ្រឿងញៀន៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

កណ្តាល: ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៥នាក់ ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនបានភ្លាមៗ ខណ:ដែលក្រុមជនសង្ស័យកំពុងទាក់ទងគ្នា ចែកចាយគ្រឿងញៀន។

ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិចំបក់ ឃុំសៀមរាបស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកវរសេនីយ៍ ម៉ែន ចាន់រិទ្ធ អធិការស្រុកកណ្តាលស្ទឹង បានប្រាប់ឲ្យដឹងថា ជនសង្ស័យ៥នាក់ខាងលើ ទី១ឈ្មោះ ញ៉ែម ពិសី ភេទប្រុស អាយុ២៩ឆ្នាំនៅភូមិព្រែករកា ឃុំព្រែករការ ស្រុកកណ្តាល ស្ទឹងកណ្តាល មុខរបរជួញដូរគ្រឿងញៀន។ ទី២-ឈ្មោះ ខុម ទិត ហៅខាវ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង មុខរបរជួញដូរគ្រឿងញៀន ។ ទី៣-ឈ្មោះ ឆិល ផានិត ហៅតាក់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង មុខរបរ ជួញដូរគ្រឿងញៀន។ទី៤-ឈ្មោះ កប ដា ភេទប្រុស អាយុ២៩ឆ្នាំ នៅ
ភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង មុខរបរ អ្នកចម្រៀងអកកាដង់ និងជនសង្ស័យទី៥ឈ្មោះ ពៅ កតវេទី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង មុខរបរកសិករ ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀនចំនួន២០កញ្ចប់ ក្នុងនោះមាន ៣កញ្ចប់ធំ ៧កញ្ចប់មធ្យម និង១០កញ្ចប់តូច រួមទាំងសម្ភារ:សម្រាប់វេចខ្ចប់ ដើម្បីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ ជនសង្ស័យឈ្មោះ ញ៉ែម ពិសី និងឈ្មោះ ឆិល ផានិត បានជិះម៉ូតូចេញពីផ្ទះទៅទិញថ្នាំញៀននៅម្តុំខាងកើតស្ពានព្រែកហូរចម្ងាយ១០០ម៉ែត្រដោយទិញពីឈ្មោះ បូ ចិត្រា ភេទប្រុសចំនួន៣ជីកន្លះ ក្រោយពី ជនសង្ស័យទាំង២នាក់ទិញរួចហើយនោះ ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ ឈ្មោះ ញ៉ែម ពិសី បានចែកថ្នាំញៀនឲ្យទៅឈ្មោះឆិល ផានិត (ហៅតាក់) ចំនួន១ជី
កន្លះ និងលក់ឲ្យទៅឈ្មោះ រុន ពិសី នៅភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹងចំនួន២០ម៉ឺនរៀល រីឯឈ្មោះ ឆិល ផានិត នៅពេលដែលបានថ្នាំញៀន៩កញ្ចប់ រួចមកក៏ចេញពីផ្ទះរបស់ឈ្មោះ ញ៉ែម ពិសី សំដៅមកផ្សារសៀមរាប ផ្ទះរបស់ឈ្មោះ ដា រួចក៏នាំគ្នាលែងបៀរក្នុងបន្ទប់ផ្ទះ ឈ្មោះ កប ដា ជាមួយនឹងឈ្មោះ ពៅ កតវេទី រហូតដល់ម៉ោងកើតហេតុខាងលើ សមត្ថកិច្ចក៏ទៅដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ និងឆែកឆេររកឃើញថ្នាំញៀនចំនួន៩កញ្ចប់ ទើបធ្វើការឃាត់ខ្លួនមកសួរនាំ រហូតឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ បន្ថែមចំនួន២នាក់ទៀតមាន ឈ្មោះ ញ៉ែម ពិសី និងឈ្មោះ ខុមទិត ហៅខាវ និងធ្វើការត្រួតពិនិត្យ ឆែកឆេរទៅលើដងខ្លួនឈ្មោះ ខុម ទិត ហៅខាវ ឃើញមានថ្នាំញៀន១១កញ្ចប់បន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់