ព័ត៌មានជាតិ

អន្តរាគមន៍អំពើហិង្សា បែរជារកឃើញគ្រឿងញៀនជាច្រើនកញ្ចប់

កណ្តាលៈ នឹកស្មានមិនដល់គ្រួសារមួយបង្កអំពើហិង្សានៅក្នុងគ្រួសារ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ទើបកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍ បែរជាបុរសជាប្តី យកគ្រឿងញៀនដែលលាក់ទុកក្នុងកំប៉ុងស្ករគ្រាប់ Mentos ជាច្រើនកញ្ចប់បោះចោល ទើបនគរបាលមានការសង្ស័យរើសយកមកមើល ស្រាប់តែឃើញមានគ្រឿងញៀនជាច្រើនកញ្ចប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះស្ថិតនៅ ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជន សង្ស័យខាងលើមានឈ្មោះ ញឹម តារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ថ្នាំញៀន។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមានក្រាម ពណ៌សថ្លា សង្ស័យ
ជាសារធាតុញៀនមេតំហ្វេតាមីនចំនួន ៨កញ្ចប់ ក្នុងនោះមានធំ១កញ្ចប់ និងសម្ភារៈវិចខ្ចប់មួយចំនួន។

លោកអធិការបានប្រាប់ឲ្យដឹងទៀតថា នៅពេលវេលាខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់សំណញ់ និងប្រធានភូមិបានចុះទៅដល់ផ្ទះជនសង្ស័យតែម្តង ព្រោះមាន អំពើហិង្សាកើតមាននៅក្នុងគ្រួសារនេះ នៅពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទៅដល់ស្រាប់តែជនសង្ស័យខាងលើនេះ បានបោះប្រអប់ស្ករគ្រាប់ mentos ដាក់ថ្នាំញៀនចោលទៅលើដី ទើបកម្លាំងយើងមានការសង្ស័យក៏រើសយកមកមើល ទើបឃើញមានថ្នាំញៀន ក៏សម្រេចធ្វើការចាប់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថិច្ចជនល្មើស សារភាពថា ថ្នាំញៀននេះ ពិតជារបស់ខ្លួនមែនដោយបានទៅទិញនៅភ្នំពេញម្តុំបឹងត្របែក ពីជនមិនស្គាល់ឈ្មោះ ចែ ស ភេទ
ស្រី អាយុប្រហែល៤១ឆ្នាំ ពេលទៅទិញម្តងៗ ពេលខ្លះ១២ម៉ឺនរៀល ទៅ១៥ម៉ឺនរៀល ។ ចំណែកខ្លួនឯងផ្ទាល់ក៏ចេះប្រើនូវសារធាតុញៀនដែរ មានរយៈពេលយូរហើយនិង ចេះជួញដូរដូចនេះ មានរយៈពេលជិតមួយឆ្នាំ មកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

https://youtu.be/KF8Qe9Bv420

មតិយោបល់