ព័ត៌មានជាតិ

ស្ត្រីម្នាក់បើកឡាន បុករ៉ឺម៉កកង់បីក្រឡាប់ ផ្កាប់លើស្រ្តីមានផ្ទៃពោះម្នាក់ មិនអស់ចិត្តក៏ទៅបុកផ្ទះគេក្បែរនោះទៀត

ភ្នំពេញ: មនុស្សប្រុសស្រីចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាលក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ ខណៈពួកគាត់បានជិះលើកង់បីមួយគ្រឿងធ្វើដំណើរតាមដងផ្លូវ ហើយត្រូវបានរថយន្តតូយ៉ូតាមួយគ្រឿងបើកបុកពេញទំហឹង បណ្តាលអោយក្រឡាប់ផ្ងារជើងកាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទៈតេលា តាមបណ្តោយផ្លួវលំ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តបង្ករឈ្មោះ ចាយភា ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅផ្សារអូឬស្សី ចំណែកម្ចាស់កង់បីឈ្មោះ សយសុធី ភេទប្រុស អាយុ៣២ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ យាន់យេន ភេទប្រុស អាយុ២៥ឆ្នាំ មានប្រពន្ធឈ្មោះ ឌួងម៉ារីណែត អាយុ២៥ឆ្នាំ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរ៉ឺម៉កកង់បីមួយគ្រឿង មានដឹងភ្ញៀវ២នាក់ប្តីប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតា ពណ៍ស ពាក់ស្លាកលេខ ង ៣៨២៨ ភព២ ធ្វើដំណើរបញ្ច្រាស់ទិសគ្នា បុកចំពីមុខពេញទំហឹងបណ្តាលអោយរ៉ឺម៉កក្រឡាប់ផ្ងារជើង ចំណែកអ្នកជិះរងរបួសធ្ងន់ស្រាល ហើយរថយន្តបង្ករនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកផ្ទះជួសជុលម៉ូតូ រងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករថយន្ត និងរ៉ឺម៉កកង់បី ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់