កណ្តាល: នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជនសង្ស័យ០២នាក់ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល លោក គឹម ម៉េង សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បើតាមលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងទទួលផែនប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់អោយដឹងថា ជនសង្សយ័ទាំង០២នាក់ដែលត្រូវបានលោកចៅក្រមឃុំខ្លួនបណ្តោះអាសន្ននោះទី១-ឈ្មោះ ចាន់រិទ្ធ ហៅបឿក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រះសង្ឃ នៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ហុង ចាន់មុន្នី ហៅតួ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមរំលឹកថា វេលាម៉ោង៧និង៣០នាទី យប់នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចលើខ្នងប្រឡាយតាហោ ភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញអធិការដ្នាននគរបាលស្រុកសហការជាមួយ កម្លាំងប៉ុស្តិ៍លំហាច បានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងប្រើប្រាស់ថ្នាំញៀននៅកន្លែងកើតហេតុខាងលើ កម្លាំងជំនាញបានចុះទៅបង្រ្កាបបាន០២នាក់ និងដកហូតថ្នាំញៀនម៉ាទឹកកក០១កញ្ចប់តូច។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ទាំង០២នាក់ខាងលើ បានឆ្លើយថា ចំពោះថ្នាំញៀននេះពួកខ្លួនទិញពីមុខសញ្ញាជួញដូរឈ្មោះ សៀង សុខខៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក នៅភូមិកន្តោលតុ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។
បន្ទាប់មក កម្លាំងជំនាញបានធ្វើការឆែកឆេរ ក្នុងផ្ទះជនសង្ស័យ ឈ្មោះ សៀង សុខខៃ បានចាប់យកវត្ថុតាង ថ្នាំញៀនម៉ាទឹកកក០៣កញ្ចប់មធ្យម អាវុធច្នៃបាញ់គ្រាប់AK ចំនួន០១ដើម និងសម្ភារៈសម្រាប់ វេចខ្ចប់ និងប្រាស់ថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យសារធាតុញៀន០៤កញ្ចប់ (០៣មធ្យម និង០១តូច)
-ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំស៊ុង ( ចិន ខូចគុណភាព)
– អាវុធច្នៃបាញ់គ្រាប់AK០១ដើម
-សម្ភារៈសម្រាប់វេចខ្ចប់ និងប្រាស់ថ្នាំញៀនមួយចំនួន៕











មតិយោបល់