ព័ត៌មានជាតិ

ពលរដ្ឋ ក្នុងក្រុងបានលុង ប្រឈមនឹងកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ

(រតនគិរី​)៖ ​ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី​ប្រឈម​ នឹង​ការ​កង្វះ​ទឹក​ប្រើប្រាស់​ដោយ​ អាកាសធាតុ​ក្តៅ​ធ្វើ​ឲ្យ​ទឹក​បឹង​អូរ ​ទន្លេ មានការ​រីងស្ងួត​ឆាប់រហ័ស ​ជាង​ពេល​ឆ្នាំមុនៗ​ ។ ចំណែក​ឯ​អណ្តូង​ទឹក​នៅ​ក្នុង​ក្រុង​បាន​លុង ​ក៏​មាន​ការ​រីងស្ងួត​បណ្តើរៗ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ខ្លះ​ដើររក​អ្នកជិះ​អណ្តូងទឹក និង​ស្តារ​អណ្តូង​ចាស់ៗ នាពេល​កន្លងទៅនេះ​មានការ​ប្រើប្រាស់​គ្រប់គ្រាន់​ប្រចាំ​ក្រុម​គ្រួសារ​របស់​គាត់ ឥឡូវនេះ​ បែរ​ទៅជា​រីងស្ងួត​ប្រើប្រាស់​អត់​គ្រប់​តាម​តម្រូវការ​ក្រុម​គ្រួសារ​នីមួយៗ​។​
បងស្រី​ម្នាក់​ឈ្មោះ​ ខាន់ ប្តី​ របស់គាត់​ធ្វើ​ទាហាន​ខេត្តរតនគិរី​ ដែល​មាន​លំនៅឋាន​ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង បាន​ប្រាប់​សារព័ត៌មាន ​ឲ្យដឹងថា ​អណ្តូងទឹក​របស់គាត់​មាន​ជម្រៅ​១៧​ម៉ែត្រ​ធ្លាប់តែ​ប្រើ​គ្រប់គ្រាន់​ដល់ពេល​ឥឡូវនេះ​បែរជា​អត់​ទឹក​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុង​ការ​ប្រើប្រាស់​ទឹក​អណ្តូងនោះ​ណាស់ ​ឥឡូវ​គាត់​បាន​ជួល​ឲ្យ​គេ​ស្តារ​ចំនួន​២​ម៉ែត្រ​ក្នុង​១​ម៉ែត្រ​តម្លៃ​៣០​ម៉ឺន​រៀល​។ 
បើតាម​សំដី​អ្នក​ជីក និង​ស្តារអណ្តូង ​បានឲ្យដឹងថា​ ក្រុម​របស់​គាត់​បាន​ដើរ​ជីក​អណ្តូង​ក្នុង​ខេត្តរតនគិរី​ ជាច្រើន​អណ្តូង​មក​ហើយ​ដោយមាន​កន្លែង​ខ្លះ​ជម្រៅ​២៥​ម៉ែត្រ​ទៅ​៣១​ម៉ែត្រ​ក៏​មាន​ដែរ។ គាត់​បន្តទៀតថា​ តម្លៃ​ជីក​អណ្តូង​មួយ​មាន​៤០០​ដុល្លា​រ​ អាមេរិក ទៅ​៥០០​ដុល្លារ​ ដោយមាន​គ្នា​៤​ទៅ​៥​នាក់ ​អណ្តូង​មួយ​ជីក​១​អាទិត្យ​ទើប​ហើយ​។ ​ចំណែក​ឯ​ស្ថានីយ​ទឹកស្អាត​របស់​ក្រុមហ៊ុន​តា​យ សេង ដែល​ចែកចាយ​ទឹកស្អាត​នៅ​ក្រុង​បាន​លុង​ក៏មាន​ការខ្វះខាត​ដែរ​ ចំណែក​ទឹក​ក្នុង​អូរ​ដែល​ត្រូវ​បូម​ចូល​ក្នុង​អាង​ស្ថានីយ៍​ទឹកស្អាត​ដែលមាន​ទីតាំង​ស្ថិត​ភូមិ​ភ្នំ​ស្វាយ ក៏មាន​ភាព​រីងស្ងួត​នោះដែរ​។
លោក​ឧកញ៉ា​ តា​យ សេង បានបញ្ជាក់​ តាម​ទូរស័ព្ទ​ថា​គាត់​នឹង​រក​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​បាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ទៅ​ថ្ងៃមុខ​ទាំង​រដូវវស្សា និង​រដូវប្រាំង​សម្រាប់​ក្រុង​បាន​លុង​យើង​នេះ​ទាំងមូល​។
លោក​អៀម អឿន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ហាក់ដូចជា​មិនសូវ​ចាប់អារម្មណ៍​បញ្ហា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តរតនគិរី​ អត់​ទឹក​ប្រើប្រាស់​នោះទេ ​ព្រោះ​គាត់​មាន​ក្រុមហ៊ុន​ជីក​អណ្តូង​មួយ​ផ្ទាល់ខ្លួន​ របស់គាត់​។ សព្វថ្ងៃ​គាត់​គិតតែ​ពី​ជិះ​ឡាន​ដើររក​សេវាកម្ម​ជីក​អណ្តូង​គ្រប់​ច្រកល្ហក​ក្នុង​ក្រុង​បាន​លុង និង​តាម​បណ្តាល​ស្រុក​មួយ​ចំនួន​នៅក្នុង​ខេត្តរតនគិរី ​ភាគច្រើន​គាត់​ឲ្យ​ប្រពន្ធ​ចុះ​ផ្ទាល់​មើល​កម្មករ​ខួង​អណ្តូង​របស់គាត់​តែម្តង​។ តើ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី​នេះ​បាន​ជីក​អណ្តូង​ទឹក ស្រះ​ទឹកបាន​ប៉ុន្មាន​ហើយ​សំរាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅក្នុង​ខេត្តរតនគិរី​ទាំងមូល​នោះ​។ ចំណែក​តម្លៃ​ខួងអណ្តូង​មួយ​នៅ​ក្រុង​បាន​លុង​១២០០​ដុល្លារ បើ​ទៅតាម​បណ្តាល​ស្រុក​មួយ​ចំនួន​តម្លៃ​១៥០០​ដុល្លា​រឯណោះ​។
ប្រជាពលរដ្ឋនៅក្នុង​ខេត្តរតនគិរី​ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹងថា​ តម្លៃ​ខួង​អណ្តូង​របស់លោក​អៀម អឿន ​នោះ​គឺ​តម្លៃ​ខ្ពស់​កប់ ពពក ​កត្តា​នេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រខ្សត់​ពុំមាន​លទ្ធភាព​ខួង​អណ្តូង​នោះទេ​៕​
   
    
 

មតិយោបល់