ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះសមត្ថកិច្ចខណ្ឌឬស្សីកែវ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា បុរសសង្ស័យមានឈ្មោះ ហែល ចិន ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ជាន់ទី១ ផ្លូវបេតុង ក្រុម១០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ចំណែកជនរងគ្រោះមានឈ្មោះ ឃ.វ.ត អាយុ២២ឆ្នាំ ជនជាតិខែ្មរ ទីលំនៅផ្ទះជួលក្រុម៦ ផ្លូវបេតុង២ ភូមិក្បាលទំនប់ សង្កាត់មានជ័យ ខណ្ឌមានជ័យ។
យោងតាមការឲ្យដឹងពីសមត្ថកិច្ច ដើមចមដែលនាំឲ្យឈានដល់មានករណីរំលោភសេពសន្ថវៈ ខាងលើនេះឡើង គឺនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នារីរងគ្រោះ បានទូរសព្ទទៅមិត្តភក្តិឈ្មោះ ច. ស.ដ ភេទស្រី ដើម្បីឲ្យជួយរកកាងារធើ្វ។ ក្រោយមកនារីរងគ្រោះបានទៅបន្ទប់ជួល មិត្តភក្តិ ប៉ុន្តែមិត្តភក្តិបស់ជនរងគ្រោះមិនឲ្យជនរងគ្រោះទៅស្នាក់នៅក្នុងបន្ទប់ជួលជាមួយបាន ក៏សុំជនសង្ស័យឈ្មោះ ហែល ចិន ដែលជាអ្នកស្គាល់គ្នា ឲ្យនារីរងគ្រោះស្នាក់នៅជាមួយបាន២ទៅ៣ថ្ងៃ ដើម្បីរកកាងារធើ្វ។ ស្រាប់តែដល់ថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះតែម្តង។
គួររំឭកថា ករណីរំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ជាន់ទី១ ផ្លូវបេតុង ក្រុម១០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ លុះដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះ បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីចច្បាប់៕


https://youtu.be/jRItlB5rI_4
មតិយោបល់