ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ទាក់ទងនឹងការជួញដូរអាវុធខុសច្បាប់តាមបណ្ដាញសង្គមហ្វេសប៊ុក

សៀមរាបៈ យោងតាមផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពី លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តសៀមរាប នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំដោយលោក ជា ពៅ បានអនុញ្ញាតឲ្យធ្វើការសហការជាមួយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាប ចុះធ្វើការបង្ក្រាបជាក់ស្តែង បានជនសង្ស័យចំនួន ៣នាក់កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ទាក់ទងនឹងការជួញដូរអាវុធខុសច្បាប់តាមបណ្ដាញសង្គមហ្វេសប៊ុក។

ជនសង្ស័យទី១ឈ្មោះ ជា ហ៊ាបហ៊ ភេទប្រុស អាយុ ១៩ឆ្នាំ ស្រុកកំណើតស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ជាអ្នកនាំចូលនាំចេញ និងកែឆ្នៃអាវុធ។ ទី២ ឈ្មោះ លី តាំងឆេង ភេទប្រុស អាយុ ២០ឆ្នាំ ស្រុកកំណើត ឃុំសាលាកំរើក ស្រុក/ខេត្តសៀមរាប ជាអ្នកជួញដូរអាវុធ។ និងទី៣ ឈ្មោះ ឡី ម៉េងឡុង ភេទប្រុស អាយុ ១៩ឆ្នាំ ស្រុកកំណើតឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអ្នកជួញដូរអាវុធដែរ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង បីនាក់ខាងលើ បានឆ្លើយសារភាពថា ពិតជាបាននាំចូលនាំចេញ និងកែឆ្នៃ ជួញដូរអាវុធខុសច្បាប់ ដូចជាអាវុធខ្លីពិត (អាវុធមែនទែន) អាវុធខ្លីប្រើហ្កាស់ និងអាវុធប្រើខ្យល់ មួយចំនួន ឲ្យទៅតាមបណ្តាខេត្ត និងរាជធានីពិតប្រាកដមែន។ ករណីនេះលោក ជា ពៅ មានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋថា ការជួញដូរអាវុធជាអំពើខុសច្បាប់ទោះជាការជួញដូរនោះ ធ្វើតាមបណ្ដាញសង្គមក៏ដោយគ្មានការអនុញ្ញាតណាមួយឲ្យពលរដ្ឋ រក្សាទុកប្រើប្រាស់និងជួញដូរឡើយ៕

មតិយោបល់