ព័ត៌មានជាតិ

Update៖ ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុន HLH ៣នាក់ ក្នុងករណីបាញ់អ្នកបើកគោយន្តដឹកកូនឈើ ស្លាប់និងរបួស

កំពង់ស្ពឺ: លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ឲ្យដឹងកាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ នេះថា ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗទាំងយប់ ដើម្បីសាកសួរ ក្នុងករណីបាញ់អ្នកបរគោយន្តដឹកកូនឈើបណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ។

លោកស្នងការបានបន្តថា ជុំវិញករណីនេះ កម្លាំងជំនាញកំពុងសាកសួរជនសង្ស័យដែលឃាត់ខ្លួននៅព្រឹកនេះ ហើយមូលហេតុមិនទាន់ដឹងច្បាស់លាស់នោះទេកំពុងស្រាវជ្រាវ ប៉ុន្តែបណ្តាលមកពីមូលហេតុទំនាស់គ្នារឿងអ្វីមួយជាក់ជាមិនខាន។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺបានបង្ហើបថា ជនសង្ស័យចំនួន ៤នាក់ត្រូវបានឃាត់ខ្លួនសាកសួរក្នុងនោះមាន ប្រធាន អនុប្រធាន និងសន្តិសុខក្រុមហ៊ុន HLH ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធការបាញ់អ្នកបើកគោយន្តបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ដែលកើតហេតុកាលពីវេលាម៉ោង ៨ និង ៤២នាទីយប់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ នៅក្នុងក្រុមហ៊ុន HLH ខាងលិចស្ពានដែក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ វេលម៉ោងជាង៨យប់ មានខ្មាន់កាំភ្លើងបានបាញ់សម្លាប់អ្នកបរគោយន្តនៅចំណុចក្នុងក្រុមហ៊ុនHLH បណ្តាលឲ្យជនរងគ្រោះឈ្មោះ រ៉ន រ៉េត ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងត្រោក ឃុំអមលាំង ស្រកថ្ពង កំពង់ស្ពឺ ពេលកំពុងបើកគោយន្តដឹក កូនឈើខ្លុង៥ដើម និងជនរងគ្រោះម្នាក់ទៀតរបួស ឈ្មោះ ធី ចាន់ណា អាយុ ៣២ឆ្នាំ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីម៉ុម ស្រុកថ្ពង ត្រូវបានបញ្ជូនទៅសង្គ្រោះ ។ ចំពោះជនបង្កមិនស្គាល់អត្តសញ្ញាណ ជិះរថយន្តម៉ាកកាមរីស្វិត ពាក់ស្លាកលេខ ខ.ម បានបាញ់ចំនួន ២គ្រាប់រួចគេចខ្លួនបាត់ ។

លោកវរសេនីយ៍ទោ ប៊ុត ប៊ុនធឿន អធិការនគរបាល ស្រុកឱរ៉ាល់ មិនអាចសុំការបំភ្លឺជុំវិញករណីបាញ់សម្លាប់អ្នកបើកគោយន្តដឹលកូនឈើនេះ បានទេដោយសារគ្មានអ្នកទទួលទូរសព្ទនាព្រឹកថ្ងៃទី ១០ ខែកុម្ភ: ។ ដោយឡែកប្រភពពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះមានប្រាប់ថា តាមការសន្តិដ្ឋានគឺបណ្តាលមកពីអ្នកបើកគោយន្តរងគ្រោះមានទំនាស់ពាក្យសម្តីជាមួយជនបង្កអំរឿងបង់លុយកាក់ ដែលដឹកកូនឈើឆ្លងកាត់ក្រុមហ៊ុនHLH នោះតែម្តង ។

ប្រភពដដែលបន្តថា ផ្លូវដែលគោយន្តបើកបរក្នុងការដឹកជញ្ជូនអុស ឈើ និងផលអនុផលព្រៃឈើ ចុះពូលើភ្នំត្រូវឆ្លងកាត់តាមក្រុមហ៊ុនដូច្នេះការចរាចរណ៍កាត់បានទាល់តែបង់លុយឲ្យសន្តិសុខឈាមក្រុមហ៊ុន (កុងត្រូល)ទើបអាចឆ្លងកាត់បាន ។

លោកឧត្តមសេនីយ៍ សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងមិនទាន់សន្និដ្ឋានបែបណាឡើងរង់ចាំការសាកសួរជុំវិញកន្លែងកើតហេតុឲ្យច្បាស់លាស់ និងយកចិត្តទុកបំផុត ៕

មតិយោបល់