ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចកង់និងទូរសព្ទពលរដ្ឋ

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ធ្វើការចាប់ខ្លួនពាក់ពន្ធ័ករណី លួចកង់ និងទូរសព្ទរបស់ប្រជាពលរដ្ឋ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ជួង វ៉ាន់ថា ហៅទឺ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរ៍ ខេត្តព្រៃវែង។ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន កង់តួស្រី ពណ៌ត្រួយចេក ចំនួន១គ្រឿង(របស់ជនរងគ្រោះ), ទូរសព្ទដៃចំនួន៣គ្រឿង រួមមាន ម៉ាកSAMZUNG S4 ពណ៌ខៀវ បិតស្កុត ពណ៌ប្រផេះ របស់ជនរងគ្រោះ, ម៉ាក icall ពណ៌ខៀវ របស់ជនសង្ស័យ, ម៉ាកណូគាចុចពិល ពណ៌ក្រហមរបស់ជនសង្ស័យ,កូនពិល ពណ៌បៃតងចំនួន១ ,នាឡិកាដៃ (ជ័រ) ពណ៌ខ្មៅ ចំនួន១,កាបូបដៃ ពណ៌ឈាមជ្រូក ចំនួន១,ខ្សែកធ្វើអំពីលោហ:ធាតុ ពណ៌ទង់ដែង ប្រវែង៦៨ សង់ទីម៉ែត្រចំនួន១ខ្សែ។

ចំណែកជនរងគ្រោះទី១ឈ្មោះ សោម ណារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរគ្រូបង្រៀន។ និងទី២ឈ្មោះ ឆោម ណាវី ភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាក្ដុល បានចេញល្បាតក៏បានឃើញជនសង្ស័យ បានដើរចូលទៅកន្លែងកើតហេតុខាងលើ ពេលនោះក៏ចាំឃ្លាំមើលពីចម្ងាយ ស្រាប់តែជនល្មើសបានជិះកង់ចេញមកដោយមានការសង្ស័យក៏ហៅឲ្យឈប់ ដើម្បីសួរនាំ ភ្លាមនោះជនសង្ស័យបានផ្តួលកង់ចោល ហើយរត់គេចខ្លួនទើបកម្លាំងយើងដេញតាមឃាត់ខ្លួនបានយកមកសាកសួរនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកង់របស់គេពិតមែន តែទូរសព្ទដៃម៉ាក SAMZUNGមិនបានលួចទេ គឺរើសបាន នៅភូមិកើតហេតុខាងលើប៉ុណ្ណោះ ។ចំពោះបញ្ហាគ្រឿងញៀនវិញមិនធ្លាប់ប្រើប្រាស់ឡើយ៕

មតិយោបល់