កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តបែនដឹកដីមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូហុងដាសេ១២៥ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ២ គីឡូម៉ែត្រលេខ២៥-២៦ ក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះទាំង២នាក់ ដែលរងរបួសធ្ងន់និងស្រាល ទី១មានឈ្មោះ នួន ដា ភេទប្រុស អាយុ៥៥ឆ្នាំ រួមដំណើរជាមួយម្នាក់ទៀតមានឈ្មោះ ធឿន បញ្ញា ភេទប្រុសអាយុ៣ឆ្នាំ ត្រូវជាចៅ អ្នកទាំង២នាក់ រស់នៅភូមិរៀនថ្ម ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល របួសធ្ងន់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ ហឿន វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិដងគោម ឃុំកោះចិន ស្រុកពញ្ញាឭ ខេត្តកណ្ដាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង២នាក់តាចៅ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1A-7622 ក្នុងទិសដៅពីតាកែវ មកភ្នំពេញ ពីត្បូងមកជើង លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកដី ពណ៌ស ពាក់ស្លាក់លេខ ក 6903 ភព3 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីតាកែវមកភ្នំពេញស្របទិសគ្នា បុកពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់តានិងចៅ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្ក រួមទាំងអ្នកបើកត្រូវបានសមត្ថកិច្ចធ្វើការស្ទាក់ចាប់បាន។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញ បានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយកម៉ូតូជនរងគ្រោះ រួមនិងរថយន្តនិងអ្នកបើកបរ យកមកកាន់អធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់