ភ្នំពេញៈ បុរសវ័យ៤៨ឆ្នាំម្នាក់ បានប្រើល្បិចយកម៉ូតូជនរងគ្រោះជិះទៅបាត់ជិត១ឆ្នាំ ស្រាប់តែមានគេស្គាល់ ប្រទះឃើញជននោះ ក៏ប្រាប់ទៅម្ចាស់ម៉ូតូ រួចព្រួតវាយទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ទៀប ធឹម អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំឈើតុម ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រីឯជនសង្ស័យមានឈ្មោះ ឡុង គឹម អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ចំណែកម៉ូតូដែលបាត់ទៅនោះ ម៉ាកឌ្រីមសង់សេ ១២៥ ស៊េរីឆ្នាំ២០១៣ មិនចាំស្លាកលេខ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា កាលពីជិត១ឆ្នាំមុន ជនសង្ស័យបានឲ្យរូបគាត់ឌុបពីភូមិព្រៃព្រីង សង្កាត់ចោមចៅ ទៅស្រុកកៀនស្វាយ ខេត្តកណ្តាល លុះទៅដល់ជនសង្ស័យ បានប្រើល្បិច យកម៉ូតូខ្លួនទៅបាត់ រហូតមកដល់ម៉ោងកើតហេតុ ត្រូវបានអ្នករត់ម៉ូតូឌុបដូចគ្នា ប្រទះឃើញជនសង្ស័យខាងលើ ហើយក៏បានវាយមួយដៃមួយជើងរួចចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ប្រគល់បន្តទៅឲ្យសមត្ថកិច្ចនៅខាងស្រុកកៀនស្វាយ ចាត់ការបន្ត៕
https://youtu.be/9Plvtsxe3-M
មតិយោបល់