ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូម៉ាក Zoomer-X មួយគ្រឿងបើកទាក់ដៃចង្កូតគ្នាជាមួយនឹងម៉ូតូម៉ាកធូដេ បណ្តាលឲ្យដួល ខ្ទាតស្ត្រីម្នាក់ខាងក្រោមកង់រថយន្តដឹកថ្មដែលកំពុងបើកបរចាប់ហ្វ្រាំងមិនទាន់កិនចំជើងស្ត្រីរងគ្រោះខ្ទេចទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខការិយាល័យអង្គការដហប្រជាជាតិសិទ្ធិមនុស្ស តាមបណ្តោយផ្លូវ២៧១ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក Zoomer-X ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1FY-5484 បើកបរដោយបុរសម្នាក់ ចំណែកម៉ូតូម៉ាក ធូដេ ពណ៌ផ្កា ឈូកពាក់ស្លាកលេខ ភ្នំពេញ 1DD-4601 ជិះដោយស្ត្រីម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូទាំង២គ្រឿងបានទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួលទៅលើដងផ្លូវ ខ្ទាតស្ត្រីដែលជិះម៉ូតូម៉ាកធូដេ ចូលខាងក្រោមកង់រថយន្តខាងមុខរបស់រថយន្តកូរ៉េបែនដឹកថ្ម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2045 ដែលកំពុងបើកបរដោយបុរសម្នាក់ចាប់ហ្វ្រាំងមិនទាន់កិនចំជើងស្ត្រីរងគ្រោះទាំងសងខាង បណ្តាលឲ្យបែកជើងខ្ទេចតែម្តងរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្រោយពីកើតហេតុ ដោយសារតែឃើញសភាពជនរងគ្រោះធ្ងន់ធ្ងរពេក អ្នកបើកបររថយន្តកូរ៉េដឹកថ្មខាងលើ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុកម្លាំងមានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបានបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត ។ចំណែកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់