ភ្នំពេញៈ បុរសម្នាក់ត្រូវបាននគរបាលចាប់ខ្លួនម្ដងរួចមកហើយ កាលពី១អាទិត្យមុន បន្ទាប់ពីវាយធ្វើបាបប្រពន្ធរាល់ថ្ងៃអស់រយៈពេល៤ឆ្នាំកន្លងមកហើយ រហូតដល់នាងទ្រាំលែងបាន ទើបប្ដឹងនគរបាលឲ្យចាប់ខ្លួន។ ប៉ុន្តែក្រោយមកដោយសារតែមនោសញ្ចេតនារវាងប្ដីប្រពន្ធច្រើនឆ្នាំមកហើយនោះ ទើបនាងជាប្រពន្ធលើកលែងទោសឲ្យនិងសុំត្រឹមតែឲ្យនគរបាលជួយធ្វើការអប់រំនិងធ្វើកិច្ចសន្យាឈប់ប្រើហឹង្សាតែប៉ុណ្ណោះរួចក៏ដោះលែងទៅវិញ។ ផ្ទុយទៅវិញក្រោយពេលមានសេរីភាពវិញ ជននេះមិនបានរាងចាលសូម្បីតែបន្តិចបន្តួចឡើយគឺនៅតែវាយធ្វើបាបប្រពន្ធឥតមេត្តាដដែលទើបប្រពន្ធអស់ខន្តីតទៅទៀតនិងប្ដឹងឲ្យនគរបាលចាប់ខ្លួនជាលើកទី២ទៀតហើយក៏សំណូមពរឲ្យនគរបាលចាត់ការតាមច្បាប់តែម្ដង។
ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅបន្ទប់ជួលលេខ៤២ ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្ដីកំណាចម្នាក់ឈ្មោះឆៃ ចន្តា អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៤២ ក្នុងភូមិខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិចំការលើ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកស្ត្រីជាប្រពន្ធឈ្នោះ ប៊ូ ហុង អាយុ២២ មុខរបរ កម្មការិនីរោងចក្រកាត់ដេរស្នាក់នៅផ្ទះជួលជាមួយគ្នា។
នគរបាលឲ្យដឹងថា ជនសង្ស័យរូបនោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាប់ខ្លួនបានម្ដងរួចមកហើយបន្ទាប់ពីស្ត្រីជាប្រពន្ធប្ដឹងសុំអន្តរាគមន៍កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ ដោយនាងបានអះអាងថា ប្ដីកំណាចរូបនេះបានវាយធ្វើបាបនាងជាញឹកញាប់រយៈពេល៤ឆ្នាំកន្លងមកហើយ។ពេលនោះ។ប៉ុន្តែក្រោយពេលឃាត់ខ្លួនដល់ប៉ុស្តិ៍ចោមចៅស្ត្រីជាប្រពន្ធបានសុំឲ្យត្រឹមអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើហិង្សាតែប៉ុណ្ណោះនិងសុំឲ្យនគរបាលដោះលែងប្ដីវិញដោយមិនបានប្ដឹងផ្ដល់ទៀតឡើយ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះនគរបាលក៏បានយល់ព្រមហើយក៏បានដោះលែងទៅវិញបន្ទាប់ពីអប់រំនិងធ្វើកិច្ចសន្យារួចរាល់ ប៉ុន្តែបើគិតរហូតមកដល់ពេលនេះទើបបានរយៈពេល១អាទិត្យតែប៉ុណ្ណោះ។ជនសង្ស័យមិនបានកែខ្លួនឡើយបានវាយប្រពន្ធដដែលទើបត្រូវនគរបាបាលចាប់ខ្លួនម្ដងទៀតហើយលើកនេះប្រហែលជាគ្មានវាសនារួចខ្លួនដូចលើកមុនឡើយព្រោះនាងប្រពន្ធបានស្នើរសុំឲ្យនគរបាលចាត់ការតាមច្បាប់តែម្ដង៕
មតិយោបល់