ព័ត៌មានជាតិ

រថយន្តបើកលឿនទៅបុកម៉ូតូ មិនអស់ល្បឿនជ្រុលបុកបង្គោលភ្លើង ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូ ហើយត្រូវរថយន្តកូរ៉េបើកមកបុកពីចំហៀងពេញទំហឹង។ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខហាង យូរ៉ា ដេក័រ តាមបណ្តោយផ្លូវលេខ២០៥កែងផ្លូវលេខ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លើងបណ្តាលឲ្យគៀបជាប់ទៅមុខលែងរួច។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FV- 0959 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣២៨ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកែងនិងផ្លូវលេខ205 ស្រាប់តែមានរថយន្តកូរ៉េ ១.៥ តោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2M -4011 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៥ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលបុកម៉ូតូពេញទំហឹងតែម្តង បណ្តាលឲ្យអូសជាង២០ម៉ែត្ររងរបួសធ្ងន់ ចំណែករថយន្តបន្តទៅគៀបជាប់និងបង្គោលភ្លើងទៅមុខលែងរួច។

មួយសន្ទុះស្រាប់តែមានស្ត្រីម្នាក់មកអះអាងថា រថយន្តខាងលើគឺជាកម្មសិទ្ធរបស់គាត់ដោយរូបគាត់បានជួលឲ្យតៃកុងម្នាក់ដឹកបន្លែមកពីគៀនស្វាយដើម្បីយកមកលក់នៅផ្សារដើមគរ ខណៈមកដល់ស្រាប់តែតៃកុងថាសុំទៅផ្ទះមួយភ្លេត ពេលនោះគាត់ក៏ឲ្យយកទៅក្រោយមកស្រាប់តែលឺដំណឹងថារថយន្តគាត់បានបើកបុកគេដូចនេះ។

ក្រោយពេលកើតហេតុតៃកុងរថយន្តបង្កបានគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុរងចាំសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់