ព័ត៌មានជាតិ

Update៖ ផ្ទះ៤ខ្នង របស់លោកនាយកអនុវិទ្យាល័យសំបុក ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

ក្រចេះ: ផ្ទះធ្វើពីឈើប្រក់ក្បឿង មានចំនួន៤ខ្នង ទំហំ២០ម៉ែត្រ គុណ៧ម៉ែត្រ ដែលគេស្គាល់ថា ជាកម្មសិទ្ធរបស់លោកគ្រូបង្រៀនម្នាក់ មានតួនាទីជានាយកសាលាអនុវិទ្យាល័យសំបុក ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ កាលពីវេលាម៉ោង៥ និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិតបុរី ខេត្តក្រចេះ ។

ម្ចាស់ផ្ទះខាងលើនេះ ត្រូវបានគេស្គាល់មានឈ្មោះ ទាវ បុរី អាយុ៤៨ឆ្នាំ មុខរបរជានាយកសាលាអនុវិទ្យាល័យសំបុក និងមានប្រពន្ធឈ្មោះ ស៊ាង អ៊ាមឆេង អាយុ៤៧ឆ្នាំ មានទីលំនៅត្រង់ចំណុចកើតហេតុខាងលើ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញលោកគ្រូបង្រៀន ដែលជាម្ចាស់ផ្ទះរងគ្រោះ បានឌុបប្រពន្ធមកពីក្រុងក្រចេះ ហើយដាក់ប្រពន្ធគាត់នៅខាងមុខផ្ទះ ដោយលោកគ្រូបានធ្វើដំណើរបន្តទៅចម្ការ។ មួយសន្ទុះក្រោយមកស្រាប់តែគេឃើញអណ្តាតភ្លើង ឆាបឆេះចេញពីចង្ក្រានបាយយ៉ាងខ្លាំង ហើយក៏ឆាបឆេះរាលដាល បន្តរហូតដល់ខាងមុខផ្ទះយ៉ាងលឿន ជាហេតុមិនអាចជួយពន្លត់បានទាន់ពេលវេលាឡើយ បើទោះជាមានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋ នគរបាលប៉ុស្តិ៍រដ្ឋបាលសំបុក និងអាជ្ញាធរមូលដ្ឋានយ៉ាងណាក្តី ។

លោកអនុសេនីយ៍ឯក អ៊ុន ហយ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសំបុកបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងគឺសមត្ថកិច្ចមិនទាន់សន្និដ្ឋានបាននៅឡើយទេ ម្យ៉ាងទៀតផ្ទះរងគ្រោះមួយនេះ គឺមិនបានតចរន្តអគ្គិសនីប្រើប្រាស់នោះឡើយ ។

លោកនាយប៉ុស្តិ៍បានបន្តថា នៅក្នុងហេតុការណ៍នេះ គឺមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្តក្រចេះ ចំនួន២គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាល ស្រុកចិតបុរី១គ្រឿងផងដែរ មកជួយបាញ់ទឹកពន្លត់ ប៉ុន្តែគួរឲ្យ ស្តាយព្រោះមិនអាចសង្គ្រោះផ្ទះកើតហេតុបានឡើយ ដោយសារតែពេលភ្លើងកំពុងឆាបឆេះគឺមានខ្យល់បក់បោកមកយ៉ាងខ្លាំង បាញ់ទឹកពន្លត់ បាញ់ទឹកពន្លត់មិនទាន់ ប៉ុន្តែបានបាញ់ទឹកការពារមិនឲ្យភ្លើងឆាបឆេះរាលដាល ឆ្លងដល់ផ្ទះអ្នកជិតខាងនៅជាប់គ្នានោះឡើយ ។

បើយោងតាមការឲ្យដឹងពីម្ចាស់ផ្ទះកើតហេតុគឺថា សម្ភារៈ ទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះនៅពេលនេះសរុបអស់ប្រមាណជា៥ម៉ឺនដុល្លារអាមេរិច ៕

https://youtu.be/2iHWmr_SA0c

មតិយោបល់