ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា បុរសញៀនថ្នាំម្នាក់ ដោយសារតែខឹងប្រពន្ធមួយឆាវ គិតខ្លីកើតគំនិតចង់ដុតផ្ទះខ្លួនឯងចោល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៧១ ខាងត្បូងស្តុប Nokia ប្រហែល ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមសម្ដីម្តាយមីងជនបង្ក បានឲ្យដឹងថា បុរសជាជនបង្កមានប្រពន្ធកូន០២នាក់ហើយ ដោយសារតែឥទ្ធិពលគ្រឿងញៀន ទើបធ្វើឲ្យគាត់លែងស្គាល់ប្រពន្ធកូន និងតែងតែរករឿងឈ្លោះគ្នា ជាមួយប្រពន្ធសឹងតែរាល់ថ្ងៃ ។ ជនបង្កនេះដែរ ក៏ធ្លាប់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលកែប្រែដែរ តែមិនព្រមរាងទេ គឺចេញមកវិញជក់ទៀត ។
ប្រភពដដែល បានបន្តទៀតថា មុនពេលកើតហេតុអ្នកផ្ទះ បានចេញទៅក្រៅអស់ហើយ នៅសល់តែ២នាក់ប្តីប្រពន្ធនៅផ្ទះប៉ុណ្ណោះ ហើយដើមហេតុ ដែលឈានទៅដល់ការចាក់សោរទ្វាដុតផ្ទះនេះ គឺបណ្តាលមកពីការឈ្លោះគ្នារវាងប្តីប្រពន្ធរឿងប្រើម៉ាស៊ីនបោកខោអាវ ។ ភ្លាមៗនោះជនបង្ក បានចេញទៅមុខផ្ទះទិញស្រាផឹករហូតស្រវឹង ទើបចូលមកផ្ទះរករឿងឈ្លោះជាមួយប្រពន្ធម្តងទៀត ព្រមទាំងវាយកញ្ចក់បង្អូចបែក ប្រពន្ធឃើញដូចនេះក៏រត់ចេញមកក្រៅ ស្រាប់តែប្តីយកសោរមកចាក់ពីក្នុងផ្ទះ មួយសន្ទុះក្រោយមកក៏ឃើញផ្សែងហុយចេញពីក្នុងផ្ទះតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកជួយអន្តរាគមន៍ វាយបំបែកកញ្ចក់ទ្វាចូលទៅជួយពន្លត់ភ្លើង ទើបរលត់ទៅវិញ តែជនបង្កជាប្ដី បានគេចខ្លួនបាត់ស្រមោលក្នុងពេលនោះផងដែរ ៕
មតិយោបល់