ភ្នំពេញៈ បុរសជនជាតិចិន០៣នាក់ រួមដំណើរដោយនារីខ្មែរម្នាក់ បានបើករថយន្ដសេរីទំនើប ម៉ាករ៉េងរូវ័រមួយគ្រឿង ក្នុងល្បឿនលឿនបត់ឆ្វេងមិនប្រុងប្រយត្ន និងបញ្ច្រាសទិសដៅចរាចរណ៍ ក៏ជ្រុលបុកម៉ូតូនិច មួយគ្រឿង បណ្ដាលឲ្យបុរស និងស្ត្រីដែលជាប្ដីប្រពន្ធរងរបួសធ្ងន់ និងកូនតូចម្នាក់ទៀតរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ និង២៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងមុខភោជនីដ្ឋានទន្លេសាប តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ កែងនិងផ្លូវលេខ៩៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប៉ូលិស បាននិយាយថា រថយន្ដបង្កម៉ាករ៉េងរ៉ូវ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2N-6666 បើកបរដោយបុរសជនជាតិចិនម្នាក់ និងរួមដំណើរជាមួយមិត្តភ័ក្តពីរនាក់ និងនារីខ្មែរម្នាក់ ចំណែកម៉ូតូរងគ្រោះ ម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1CX-7687 ជិះដោយបុរសនារីជាប្ដីប្រពន្ធ និងកូនតូចម្នាក់។
ប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសនារីជាប្ដីប្រពន្ធ និងមានកូនតូចម្នាក់ បានជិះម៉ូតូឌុបគ្នាធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ៩៤ ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកែង ស្រាប់តែមានរថយន្តបង្កធ្វើដំណើរ តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ហើយបានបត់ឆ្វេងបញ្ច្រាសទិសដៅចរាចរណ៍ ក៏ជ្រុលបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យរងរបួសបុរសនារីជាប្ដីប្រពន្ធធ្ងន់ ចំណែកកូនតូចរងរបួសស្រាល។
ក្រោយពីកើតហេតុ អ្នកបើករថយន្ដបង្កគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ នៅតែនាក់រួមដំណើរជាមួយ ចំណែកជនរងគ្រោះ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន រថយន្ដបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់