ព័ត៌មានជាតិ

ប្រជានេសាទ « អាជ្ញាធរគ្មានចំណាត់ការ ខណៈទូកខុសច្បាប់វៀតណាមរំលោភចូលដែនទឹក ធ្វើឲ្យទិន្នផលត្រី និងបង្គាធ្លាក់ចុះ »

កំពតៈ ប្រជានេសាទជាង៤០០ គ្រួសារ នៅក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត បាននាំគ្នាបើកទូកយកចត មុខសាលាខេត្តកំពត បាននាំគ្នាទាមទារឲ្យអាជ្ញាធរ និងជំនាញ ទប់ស្កាត់ ទូកនេសាទវៀតណាម ដែលប្រើឧបករណ៍ខុសច្បាប់ លើដែនសមុទ្រខ្មែរ។

ការទាមទារនេះ ត្រូវបានធ្វើឡើង ខណៈដែល មានទូកនេសាទប្រើឧបករណ៍ខុសច្បាប់ជាច្រើនគ្រឿង របស់ជនជាតិវៀតណាម បានរំលោភបំពានចូលដែនសមុទ្រខ្មែរ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរ ឬជំនាញនិមួយៗឡើយ។

ប្រជានេសាទម្នាក់ បានលើកឡើងថា ចំនួនទិន្នផលត្រី បង្គារ និងក្តាម នៅក្នុងសមុទ្រ នាពេលបច្ចុប្បន្នមានការធ្លាក់ចុះជាគំហុក ខណៈដែលទូកនេសាទរបស់ជនជាតិវៀតណាម រាប់សិបគ្រឿង ដែលប្រើប្រាស់ឧបករណ៍ ខុសច្បាប់ ដូចជាប្រភេទទូកអូសគូរ និងឆក់ជាដើម បានរំលោភចូល ធ្វើសកម្មភាពក្នុងសមុទ្ររបស់ខ្មែរ ដោយប្រមូលផលធនធានជលផលចម្រុះ រាប់សិបតោន មិនថាតូចឬធំក្តី គឺគេយកទាំងអស់ តែប្រជានេសាទយើងបានត្រឹម២ទៅ៣គីឡូប៉ុណ្ណោះក្នុងមួយយប់ ហើយក៏តែងជួបរឿងប៉ះទង្គិចជាមួយពួកគាត់ដែរ។

ជុំវិញប្រតិកម្មតវ៉ារបស់ប្រជានេសាទ លើរឿងទូកនេសាទខុសច្បាប់ជនជាតិវៀតណាម ដែលរំលោភចូលដែនសមុទ្រ ដោយពុំមានការទប់ស្កាត់នេះ យើងមិនអាចសុំការបំភ្លឺពី លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលកំពតបាននោះទេ ដោយសារទូរស័ព្ទលោក ដាក់ប្រព័ន្ធជាប់រវល់។

ចំណែកលោក វិន សិលា ជានាយរងខណ្ឌរដ្ឋបាលជលផល បានមានប្រសាសន៍ថា លោកទទួលស្គាល់ ពិតជាមានទូកនេសាទដោយខុសច្បាប់មែន ក៏ប៉ុន្តែនេះ ជាការលួចលាក់តែប៉ុណ្ណោះ ហើយកន្លងមក ជំនាញជលផលធ្លាប់បានបង្ក្រាបជាហូរហែរដែរ តែចំពោះទូកអូសគូរបស់ជនជាតិវៀតណាមដែលសម្រាប់ច្បាប់នៅកម្ពុជាយើងមិនអនុញ្ញាតិ តែនៅវៀតណាម គឺជាទូកស្របច្បាប់ត្រឹមត្រូវ ដូច្នេះហើយទើបសម្បូរទូកអូសគូប្រភេទនេះ លើផ្ទៃសមុទ្រច្រើន។

អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ទទួលទិសកំពតកែប លោកឧត្តមសេនីយ៍ត្រី ទូចពលះ បានឲ្យដឹងថា បច្ចុប្បន្នរវាងកម្ពុជា និងវៀតណាមមានព្រំដែនប្រវត្តសាស្ត្រ នៅមិនទាន់កំណត់ខ្សែបន្ទាត់ព្រំដែននៅឡើយទេ ដូច្នេះពេលខ្លះ គឺតែងមានការនេសាទឆ្លងចូលតំបន់គ្នាទៅវិញទៅមក ម្យ៉ាងទៀត ឧបករណ៍នេសាទរបស់គេ គឺទំនើបជាងយើង មានលទ្ធភាពប្រមូលបានច្រើនជាងយើង៕

https://youtu.be/MsrMw2XLRRs

មតិយោបល់