ព័ត៌មានបច្ចេកវិទ្យា

លាហើយ Galaxy ស៊េរី edge ស្វាគមន៍ Galaxy ស៊េរី + មកកាន់ឆ្នាំ ២០១៧

តាមរយ:រូបភាពឡូហ្គូដែលទើបបែកធ្លាយចេញពីទំព័រ Twitter របស់អ្នកទម្លាយព័ត៌មានសម្ងាត់ទូរសព្ទចល័តម្នាក់ឈ្មោះ Evan Blass គេអាចទាយដឹងបានថា ក្រុមហ៊ុន Samsung នឹងចេញកំពូលស្មាតហ្វូនត្រកូល S ជំនាន់ថ្មីចំនួន ២ ម៉ូឌែល គឺ S8 ព្រមជាមួយ S8+ ដែលត្រូវបានគេជឿថា នឹងមកជំនួស Galaxy S ស៊េរី edge ក្នុងខែមិនា ឆ្នាំ ២០១៧ ខាងមុខនេះ។

តាមព័ត៌មានចចាមអារ៉ាមដ៏ស៊ីចង្វាក់គ្នាកន្លងមក ជាមួយការដាក់នាមអក្សរ + នៅពីក្រោយអក្សរ S នៃកំពូលទូរសព្ទត្រកូល Galaxy S គឺគ្រាន់តែជំនួសឱ្យសែស្រឡាយ S edge ប៉ុណ្ណោះ ពោលគឺ S8+ នោះ គឺមានលក្ខណ:សម្បត្តិមិនខុសពី Galaxy S7 edge ដែលត្រូវបានកែលំអររចនាបថឡើងតាមជំនាន់នីមួយៗរបស់វានោះទេ។

តាមប្រភពក្រៅផ្លូវការជាច្រើនបានឱ្យដឹងថា S8+ នឹងបំពាក់អេក្រង់កោងត្រង់គែមសងខាង និងស្ទើរតែគ្មានស៊ុមព័ទ្ធជុំវិញទៅហើយ ដោយវាមានតែបន្តិចនៅផ្នែកខាងលើ និងក្រោមប៉ុណ្ណោះ។

ម្យ៉ាងទៀត តាមរយ:ការកាត់បន្ថយគែមជុំវិញអេក្រង់ទូរសព្ទដូច្នេះ ក្រុមហ៊ុន Samsung នឹងបន្ថែមទំហំអេក្រង់របស់ត្រកូល S ជំនាន់ទី ៨ របស់ខ្លួនឱ្យកាន់តែធំ ប៉ុន្តែរក្សាទំហំទូរសព្ទឱ្យនៅតូចដដែល ឬក៏តូចជាងមុន ដោយតាមព័ត៌មានលេចឮតៗគ្នាកន្លងមក S8 នឹងបំពាក់អេក្រង់ទំហំ ៥.៧ អីុញ ឯ S8+ នឹងប្រើអេក្រង់ទំហំ ៦ អីុញ ធំជាងស៊េរី S និង S edge ជំនាន់បច្ចុប្បន្ន ដែលមានតែទំហំត្រឹមតែ ៥.១ អីុញ និង ៥.៧ អីុញប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ គេមិនទាន់ហ៊ានសន្និដ្ឋានបានថាព័ត៌មានទាំងនេះច្បាស់ប្រាកដ ១០០% នោះទេ ដរាបណាវាលេចចេញជាផ្លូវការពីក្រុមហ៊ុនផ្ទាល់។ ចំពោះការពិត ឬយ៉ាងណានោះ Post Tech នឹងពាំនាំវាយកមកបង្ហាញជូនលោកអ្នកនៅពេលក្រោយៗទៀត៕

ប្រភពព័ត៌មាន phonearena

មតិយោបល់