ព័ត៌មានជាតិ

ទំនងជាដឹកភេសជ្ជៈលើសទម្ងន់ រថយន្ត១គ្រឿង បែកកង់ក្រោយក្រឡាប់ផ្ងារជើង នៅច្បារអំពៅ

ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា ទំនងជាដឹកលើសទម្ងន់ រថយន្តម៉ាកហ៊ីយន់ដាយមួយគ្រឿង ដែលផ្ទុកទៅដោយភេសជ្ជៈជាច្រើនមុខពេញក្នុងឃ្លុបរថយន្ត បានបែកកង់ក្រោយ ក្រឡាប់ផ្ងារជើងប្រាស់ដេកទៅលើថ្នល់ ដោយចាក់ចោលភេសជ្ជៈអស់គ្មានសល់ ខណៈដែលកំពុងតែបើក នៅតាមផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវរោងចក្រស្រាបៀថៃហ្គ័រ ស្ថិតនៅក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកទំនិញម៉ាកហ៊ីយន់ដាយធន់មួយតោនកន្លះ ព៌ណស ពាក់ស្លាកលេខភ្នំពេញ២AF-៩៧២០ មួយគ្រឿង ដែលដឹកដោយភេសជ្ជៈជាច្រើនប្រភេទ ពេញក្នុងឃ្លុបនោះ បានបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចខាងលើ ក៏ស្រាប់ផ្ទុះកង់ម្ខាងផ្នែកខាងក្រោយ លាន់ឭដូចផ្ទុះគ្រាប់បែក បណ្ដាលឲ្យក្រឡាប់ផ្ងាជើង និងចាក់ភេសជ្ជៈពេញលើផ្លូវថ្នល់តែម្តង តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងបួស ក្នុងគ្រោះថ្នាក់នេះទេ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ក៏បានចុះទៅដល់កន្លែង ដោយធ្វើការពិនិត្យមើលទៅឃើញថា មិនបង្កផលប៉ះពាល់ដល់សម្បត្តិសាធារណៈ ឬមានមនុស្សណាម្នាក់របួសទ្បើយ ក៏អនុញ្ញាតឲ្យម្ចាស់យករថយន្តមកស្ទូចយកវាចេញទៅផងដែរ៕

មតិយោបល់