ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៦នាក់ ដកហូតថ្នាំញៀនជិត៤០កញ្ចប់

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍កាកាប ដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ នូវសារធាតុញៀនខុសច្បាប់ ប្រភេទម៉ាទឹកកក ចំនួន៣០កញ្ចប់តូច និង៦កញ្ចប់ធំ ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៦នាក់ជាបន្តបន្ទាប់ ពាក់ពន្ធ័នឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ស្ថិតនៅចំណុចបន្ទប់ជួលលេខ២១៥ ផ្ទះលេខ៦០២ ផ្លូវបេតុង ក្រុមទី២ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីទី១ ជួញដូរសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ទី១ឈ្មោះ រិន ចាន់ណារិទ្ឋ ហៅចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន ស្នាក់នៅបន្ទប់ជួលខាងលើ។ ទី២ឈ្មោះ រីម រួន ហៅស្នា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី៣ឈ្មោះ ឡូ វឌ្ឍនា ហៅកិ អាយុ២២ឆ្នាំ មុខរបរចិញ្ចឹមទា ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ ក្រាំងឆ្នង់ ខណ្ឌសែនសុខ។ ទី៤ឈ្មោះ ឯម ចិន្តា ហៅស្រីអូន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះជួល ភូមិតាងួន សង្កាត់កាកាប ។

ដកហូតបានថ្នាំម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសាធាតុញៀនប្រភេទម៉ាទឹកកកចំនួន៣០កញ្ចប់តូច និង៦កញ្ចប់ធំ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ចំណែកមួយករណីទៀតប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចទីតាំងតែមួយ បន្ទប់ផ្សេងគ្នា ត្រង់បន្ទប់លេខ១១០ ក្នុងនោះទី១ឈ្មោះ ង៉ែត ពិសិដ្ឋ ហៅទក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលខាងលើ ។ ទី២ឈ្មោះ វ៉ាត វង្សរស្មី ហៅស្មី ភេទស្រីអាយុ ២៣ឆ្នាំ មុខរបរនៅផ្ទះនៅផ្ទះជួលខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងខាងលើ កំពុងសាកសួរនិងកសាងសុំណុំរឿងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប ត្រៀមបញ្ចូនខ្លួនជនសង្ស័យទៅកាន់ផ្នែកជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់