ព័ត៌មានបច្ចេកវិទ្យា

មរណភាព Note 7 នាំឱ្យពិភពលោកផ្លាស់ប្តូរទៅរកស្តង់ដាសុវត្ថិភាពថ្មី

ក្រោយពីទូរសព្ទ Galaxy Note 7 របស់ក្រុមហ៊ុន Samsung កើតមានបញ្ហាថ្មផ្ទុះឆេះជាបន្តបន្ទាប់កាលពីឆ្នាំមុន រហូតដល់ក្រុមហ៊ុនសម្រេចបញ្ចប់ជីវិតរបស់វារួចមក ពិភពលោកមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាសុវត្ថិភាពថ្មឧបករណ៍ចល័ត និងកំពុងបង្កើនកម្រិតស្តង់ដាកសុវត្ថិភាពរបស់វា។

ចាប់ផ្តើមមុនដំបូងគេគឺ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងផ្ទាល់តែម្តង ដែលបានប្រកាសពង្រឹងបទបញ្ញតិត្រួតពិនិត្យកម្រិតសុវត្ថិភាពថ្មស្មាតហ្វូនថ្មី ក្រោយពីភ្នាក់ងារកំណត់ស្តង់ដាឧបករណ៍បច្ចេកវិទ្យារបស់រដ្ឋ បោះផ្សាយលទ្ធផលស៊ើបអង្កេតករណីផ្ទុះឆេះទូរសព្ទ Galaxy Note 7 នៅថ្ងៃច័ន្ទ។

តាមរយ:វិធានការថ្មីដែលនឹងដាក់ចេញនៅខែកក្កដាខាងមុខ មុននឹងចាប់ផ្តើមចង្វាក់ផលិតកម្មថ្មទ្រង់ទ្រាយធំ ក្រុមហ៊ុននីមួយៗត្រូវឱ្យភ្នាក់ងាររបស់រដ្ឋត្រួតពិនិត្យកម្រិតសុវត្ថិភាពថ្មនោះឱ្យបានម្តងជាមុនសិន ហើយនឹងតម្រូវឱ្យមានការធ្វើតេស្តជារៀងរាល់ពីរឆ្នាំម្តង។​ ក្នុងនោះដែរ រដ្ឋអាជ្ញានឹងអាចស្នើឱ្យអតិថិជនតវ៉ាចំពោះផលិតផលដែលមានបញ្ហា មុនការប្រកាសប្រមូលជាផ្លូវការដោយក្រុមហ៊ុន។

ស្តង់ដាសុវត្ថិភាពទាំងនេះ បច្ចុប្បន្ន ក៏ស្រដៀងទៅនឹងស្តង់ដារបស់គណកម្មការអេឡិចត្រូនិចអន្តរជាតិ និងសហគមន៍អឺរ៉ុបដែរ ប៉ុន្តែ នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងដាក់បញ្ចូលលក្ខខណ្ឌធ្វើតេស្តថ្មីៗបន្ថែមទៀត ដើម្បីនាំយកស្តង់ដាសុវត្ថិភាពថ្មស្មាតហ្វូនក្នុងប្រទេសរបស់ខ្លួន ឱ្យប្រដំត្រសងគ្នាជាមួយស្តង់ដាដែលបានប្រើនៅសហរដ្ឋអាមេរិក និងជប៉ុន។

គួររំឭកថា ក្រោយពីទទួលបានបទពិសោធន៍ដ៏ជូរចត់រួចមក ក្រុមហ៊ុន​ Samsung បានប្រកាសដាក់ចេញនូវវិធានការត្រួតពិនិត្យសុវត្ថិភាពថ្ម ៨ ដំណាក់កាល ដើម្បីធ្វើឱ្យប្រាកដថា ផលិតផលស្មាតហ្វូនស៊េរីបន្តបន្ទាប់របស់ខ្លួន នឹងមិនជួបគ្រោះអកុសលដូច Galaxy Note 7 ទៀតទេ៕

ប្រភពព័ត៌មាន: mashable

មតិយោបល់