ភ្នំពេញៈ សមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនប្រុសស្រី៣នាក់ ដកហូតបានក្រាមសថ្លា សង្ស័យគ្រឿងញៀន៣កញ្ចប់តូចនិង១កញ្ចប់ធំ។
ការចុះបង្ក្រាបនេះបានកើតឡើងកាលពីវេលាម៉ោង ១និង២នាទី អាធ្រាតឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចផ្ទះសំណាក់ វិមានអង្គជ័យ បន្ទប់លេខ៩ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់នោះ ទី១ឈ្មោះ អ៊ួង សូពីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ (ម្ចាស់ថ្នាំញៀន)។ ទី២ឈ្មោះ សោម សោភា ភេទប្រុស អាយុ២០ឆ្នាំ
មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី៣ឈ្មោះ អ៊ុក ស្រីអូន ភេទស្រីអាយុ ២២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិវាក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចអន្តរាគមន៍បានដឹកនាំកម្លាំង ចុះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសេចក្តីសុខ ជូនប្រជាពលរដ្ឋក៏ប្រទះឃើញជនសង្ស័យឈ្មោះ អ៊ួង សូពីណា ហើយសមត្ថកិច្ចបានដេញតាមរហូតដល់ផ្ទះសំណាក់អង្គជ័យបន្ទប់លេខ៩ ក្នុងភូមិកើតហេតុខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនិងបក្សពួក២នាក់ទៀត ព្រមទាំងដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ តូច និង១កញ្ចប់ធំ និងជញ្ជីងគ្រឿងញៀនចំនួន១ និងម៉ូតូZoomer-X មួយគ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់