ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិបរទេសម្នាក់ សង្ស័យបែកថ្នាំញៀន រត់ពេញផ្លូវ ស្រែកឡូឡា ព្រមទាំងរត់ទៅដេកកណ្តាលផ្លូវមិនខ្លាចគ្រោះថ្នាក់ទាល់សោះក្នុងយប់ ទិវាបុណ្យនៃសេចក្តីស្រលាញ់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ទីតាំងកើតហេតុស្ថិតក្រោម ស្ពានអាកាស៥មករា ស្ថិតនៅក្នុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនជាតិបរទេសម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ដោយសង្ស័យថាបែកថ្នាំ ព្រោះជនបរទេសខាងលើបានដើរ អុកឡុក ក្នុងម៉ាតក្រោមស្ពានអាកាស៥មករា ដោយរាំលើកដៃក្រវីក្រលែង និងធ្វើកាយវិការមើលទៅហាក់បីដូចជាមនុស្សបែកថ្នាំ ជាពិសេស ជនបរទេសខាងលើនេះបាន បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅម្តុំនោះទាំងកណ្តាលរាត្រី ដោយរត់ទៅដេកផ្កាប់មុខនៅលើថ្នល់ តែសំណាងគ្មានរថយន្តនៅត្រង់នោះ ប៉ុន្តែមានត្រឹមរ៉ឺម៉កកង់បីមួយគ្រឿង ដែលជិះកាត់ ត្រូវបានជនបរទេសខាងលើ អុកឡុកដល់អ្នកធ្វើដំណើរនៅលើរ៉ឺម៉កកង់៣ផងដែរ ។
ក្រោយពីកើតហេតុ ជនបរទេសខាងលើ ត្រូវបានសមត្ថកិច្ច ឲ្យគាត់សម្រាកនៅលើរ៉ឺម៉កកង់៣ ព្រមទាំងធ្វើការសួរនាំដើម្បីធ្វើការទាក់ទងទៅស្ថានទូត ដើម្បីឲ្យគាត់បានត្រឡប់ទៅផ្ទះវិញផងដែរ៕
មតិយោបល់