ព័ត៌មានជាតិ

ថាម៉េច! អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌឬស្សីកែវ ប្រហែសឲ្យជនសង្ស័យពាក់ពន្ធ័នឹងករណីគ្រឿងញៀនរត់ចេញពីគុក

ភ្នំពេញ: តាមប្រភពព័ត៌មានបានអោយដឹងថា អធិការដ្ឋានខណ្ឌឬស្សីកែវ បានមានការធ្វើប្រហែសអោយជនសង្ស័យគ្រឿងញៀនម្នាក់រត់រួច មិនដឹងថាជាល្បិច រឺក៏ជាការធ្វើប្រហែសនោះទេ។

ហេតុការណ៍ការជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនរត់គេចខ្លួនម្នាក់នេះ បានកើតឡើង នៅព្រឹកថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅពេលដែលលោក អ៊ីវ ឈុនផេង អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានដោះខ្នោះដៃចេញ ហើយបញ្ជាឲ្យជននោះ ជួយបោសសំអាតរើសសំរាមនៅជុំវិញទីតាំងកើតហេតុ ក្នុងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដោយឃើញមានសភាពការល្អ ជនសង្ស័យនោះ បានរត់ផ្លោះរបងខណ្ឌគេចបាត់ខ្លួនដោយសុវត្ថិភាព។

ក្រោយពីកើតហេតុ អង្គភាពសារព័ត៌មាន Post News Media បានធ្វើការទាក់ទងទៅលោក អ៊ីវ ឈុនផេង អធិការរងខណ្ឌ ដោយលោក បាននិយាយប្រាប់ថា ពិតជាមានករណីជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់បានរត់ចេញពីគុកពិតប្រាកដមែន។ ហើយលោកបាននិយាយទៀតថា វាជារឿងកំប៉េកកំប៉ុកទេ គ្មានអីសំខាន់នោះឡើយ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទីល្ងាច កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែងនៅម្តុំទួលលោកតាសក្តិ៥ ក្បែរគល់អង្គតែនទួលគោក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ដោយនៅក្នុងនោះ សមត្ថកិច្ចបានធ្វើការវាយខ្នោះ ស្រាប់តែបានមួយស្ទុះក្រោយមក ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យទាំង១១នាក់ បានធ្វើសកម្មភាពឆ្កឹះសោរខ្នោះចេញ ហើយរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចយើងដេញតាមចាប់បានមកវិញ។

លុះព្រឹកឡើងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក អ៊ីវ ឈុនផេង អធិការរងខណ្ឌ បានអោយជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ ១១នាក់នោះ មករើសសំរាម ដោយបានដោះខ្នោះដៃចេញ ទើបធ្វើអោយជនសង្ស័យម្នាក់នោះ មានឱកាសរត់ផ្លោះរបងខណ្ឌគេចបាត់ខ្លួនដោយសុវត្ថិភាព។

គួររំលឹកផងដែរថា នៅក្នុងអធិការខណ្ឌឬស្សីកែវ បានធ្វើប្រហែសបណ្តាលអោយជនសង្ស័យរត់ចេញពីគុកជាញឹកញាប់។

ពាក់ព័ន្ធករណីដោះលែងជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខាងលើនេះ អង្គភាពសារព័ត៌មាន Post News Media មិនទាន់ទទួលបានរបាយការណ៍ពីសមត្ថកិច្ចនៅឡើយទេ ដើម្បីបញ្ជាក់ថា តើរឿងនេះជាករណីអ្វីមួយអោយពិតប្រាកដ៕

មតិយោបល់