បន្ទាយមានជ័យ៖ ស្រូវរាប់សិបតោនកំពុងតែកកស្ទះ ពេញតាមច្រកព្រំដែនកម្ពុជា-ថៃដើម្បីរងចាំភ្លើងខៀវពីភាគីថៃ អនិញ្ញាតអោយនាំឆ្លងដែនទៅលក់អោយឈ្មួញថៃ ។
បើតាមការអោយដឹង ពីឈ្មួញដែលប្រមូលទិញស្រូវពីកសិករតាមបណ្តាខេត្តនានាយកមកស្ទុកទុកនៅមាត់ច្រកតំបន់មួយ (ច្រកលោកឧកញ្ញា តែ ហាំង) ដែលស្ថិតនៅក្នុងស្រុកស្វាយចេក បានអោយដឹងថា ក្នុងរយៈពេល២ ទៅ៣ ខែចុងក្រោយនេះ ការនាំចេញស្រូវអង្ករពីកម្ពុជាទៅប្រទេសថៃ តាមច្រករបៀងនានា របស់ខេត្តបន្ទាយមានជ័យ ត្រូវបានជួបបញ្ហាមិនអាចនាំចេញទៅប្រទេសបាន ដោយសារតែខាងភាគីថៃបិទ មិនអោយនាំចេញ ដែលជាហេតុធ្វើអោយ ស្រូវអង្ករដែលបំរុងនាំចេញកកស្ទះពេញតាមព្រំដែន ។ ពួកគាត់បានបន្តអោយដឹងទៀតថា ភាគីថៃចង់បិទ និងបើកមិនអោយនាំចូលកសិផលខ្មែតាមតែចិត្តនឹកឃើញ ដែលធ្វើអោយពួកគាត់ដែលខ្វះទីផ្សារ សម្រាប់កសិផលត្រូវតែបង្ខំចិត្ត ដេករងចាំភ្លើងខៀវពីភាគីថៃ ។
លោក ឃូ ពៅ អភិបាលស្រុកស្វាយចេកបានអោយដឹងថា ដោយសាតែច្រកខាងលើជាច្រករបៀងខុសច្បាប់ ការនាំចេញស្រូវអង្ករអាស្រ័យតែលើទាហ៊ានព្រំដែនទំនាក់ទំនងជាមួយភាគីថៃ ហើយការស្ទះខាងលើគឺមិនអាចស្ទះយូនោះទេ គឺគេរងចាំពេលវេលាមួយដែលអាចនាំចេញបាន និយាយជារួមកសិផលទាំងនោះគឺសុទ្ធតែត្រូវបាននាំចេញ មិនដែលទុកបានយូឡើយ ។
ទាក់ទងនិងបញ្ហាខាងលើ ទាំងក្នុងវេទិការាសាធារណៈ និងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុង អឿន ក៏ដូចជាលោក គោស៊ុំ សារឿត អភិបាលខេត្តតែងគិតគូរ ដោយអោយអាជ្ញាធរមូលដ្ឋានក៏ដូចជា សមត្ថកិច្ចតាមព្រំដែន ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ធ្វើយ៉ាងណារកទីផ្សារសម្រាប់ការនាំចេញកសិផលខ្មែរ និងមិនត្រូវដាក់កុងត្រូលយកលុយពីការដឹកកសិផលនោះឡើយ ។
តែទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមរបស់កសិករលើការនាំចេញស្រួវអង្ករនូវតែជួបបញ្ហាដោយសាតែភាគីថៃនៅតែបន្តបិទ និងបើកអោយមានការនាំចូលតាមតែចិត្តនឹកឃើញ ៕
មតិយោបល់