ព័ត៌មានជាតិ

ស្ត្រីម្នាក់ ត្រូវចោរឆក់កាបូបបានរួចបោះចោលគេចខ្លួនបាត់ ខណៈដែលជនបរទេសដេញតាម

ភ្នំពេញៈ ស្ត្រីម្នាក់រងរបួសស្រាល ខណៈដែលត្រឡប់មកផ្ទះវិញ ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច បណ្តាលឲ្យនារីរងគ្រោះដួលម៉ូតូទៅប៉ះរថយន្តព្រូស របួសស្រាល។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ស៊ីណាត ភេទស្រី ជនជាតិខ្មែរ មុខរបរលក់ដូរនៅផ្សារអូរឫស្សី ស្នាក់នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1V-4629 បានដឹកអីវ៉ាន់និងស្ពាយកាបូប។

សាក្សីឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មានស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-4629 បើកបរពីកើតទៅលិច តាមបណ្តោយផ្លូវ១៨២ ហៅផ្លូវទេពផន មកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅមិនចាំស្លាកលេខ ជិះគ្នាចំនួន២នាក់ រីឯអ្នកធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនរងគ្រោះជិះម៉ូតូម្នាក់ឯង ម៉ាកស៊ុយសាគីលែត ពណ៌ផ្កាឈូកលាយស ទើបទិញពីម្សិលមិញ ដោយមានសំបុត្រទិញនៅខាងក្រោមកែប ។

ប្រភពបន្តទៀតថា ពេលភ្លាមៗជនសង្ស័យឆក់កាបូបស្ពាយបានហើយក៏ប៉ះម៉ូតូជាមួយស្ត្រីរងគ្រោះបានដួល ហើយរត់ឡើងជិះម៉ូតូជាមួយបក្ខពួក ស្រាប់តែជនបរទេសម្នាក់ជិះម៉ូតូដេញតាមពួកជនសង្ស័យ ទៅដល់ជិតស្តុបខេរ៉ាអូខេ នគរសំរិទ្ធ ទើបជនសង្ស័យទម្លាក់កាបូបចោល ហើយបើកម៉ូតូគេចខ្លួនបាត់ស្រមោល ។ ដោយនៅក្នុងហេតុការណ៍ឆក់កាបូបនេះ ស្ត្រីរងគ្រោះនិងម៉ូតូជនសង្ស័យបានដួលប៉ះរថយន្តព្រួស តែម្ចាស់រថយន្តមិនទាមទារសំណង់ឡើយ គឺទុកជូនសមត្ថកិច្ចយកទៅស្រាវជ្រាវរកមុខសញ្ញាមកទទួលទោសតាមផ្លូវច្បាប់។

បច្ចុប្បន្នស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទឹកល្អក់ទី២ រីឯម៉ូតូជនសង្ស័យត្រូវបាននរគបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីស្រាវជ្រាវរកជនសង្ស័យយកមកចាត់ការតាមនីតិវិធី ៕

មតិយោបល់