កំពតៈ រថយន្តប្រភេទយីឌុប បង្កប់ឈើប្រណីត ដែលគេសង្ស័យថា ជារបស់មន្ត្រីយោធា នៅខេត្តកំពង់ស្ពឺ ហើយ នាំឈើចេញទៅវៀតណាមស្ទើររាល់ថ្ងៃនោះ បានធ្វើឲ្យបាក់ស្ពានមួយ ក្អែរឈើចេញ ហើយក៏បែកការដល់សមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈនេះ នៅចំណុចស្ពាន កោះស្លា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ទាក់ទងនឹងករណីរថយន្តដឹកឈើខុសច្បាប់ ដែលពលរដ្ឋថាគ្មាន ការទប់ស្កាត់ពីជំនាញនេះ យើងមិនអាចសុំការបំភ្លឺពីលោក កង គឹមលី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានទេ ដោយសារទូរសព្ទចូល តែលោកពុំទទួល។
ដោយឡែកបើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលដឹកឈើល្មើសច្បាប់ ដែលបណ្តាលឲ្យបាក់ស្ពានខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-5745 ចំណែកចំនួនឈើសរុបនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះជំនាញមេព្រៃហាក់ដូចមិនសូវចង់ចេញមុខ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលជួបហេតុការណ៍បាក់ស្ពាននេះ អ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នកម្លាំងចម្រុះ ដែលដឹកនាំដោយលោក ខាន់ សុផល ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពត កំពុងសហការ ស្រាវជ្រាវស្វែងរកជនបង្កមកចាត់ការតាមច្បាប់ ។
គួររំឭកថា បើតាមការឲ្យដឹងពីប្រជាពលរដ្ឋនេះជាករណីរថយន្តដឹកឈើខុសច្បាប់បំផ្លាញស្ពានជាលើកទី២ហើយ ខណៈដែល រថយន្តទាំងនោះ ត្រូវបានគេដឹងថា ធ្វើចរាចរណ៍ជាហូរហែរ តាមតំបន់នេះ ឈ្ពោះទៅកាន់ប្រទេសវៀតណាម តាមច្រកតន់ហន់ និងព្រែកចាក ដោយពុំបាច់ឆ្លងកាត់កុងត្រូលអ្វីឡើយ លើសពីនេះរឹតតែគ្មានការទប់ស្កាត់ពីជំនាញថែមទៀត ហើយលើកនេះ បើកុំតែជួបនឹងហេតុការណ៍បាក់ស្ពានបែបនេះ ម្ល៉េះរថយន្តនិងឈើប្រាកដជាដល់វៀតណាមបាត់ ដោយមិនបាច់រំខានដល់ជំនាញឡើយ៕





https://youtu.be/2Y–z5ivb8I
មតិយោបល់