ព័ត៌មានជាតិ

ស្ត្រីម្នាក់ បើករថយន្ត ហ្វត បុកជាមួយម៉ូតូវ៉េវ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក ហ្វត មួយគ្រឿងបើកបុកម៉ូតូវ៉េវ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ ភ្នំពេញទៅអ្នកលឿង ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលជាអ្នកបើករថយន្តម៉ាកហ្វត មានឈ្មោះ ចាន់ ធី ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល រាជធានីភ្នំពេញ (រត់គេចខ្លួនបាត់) ចំណែកជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ យ៉ាន់ សុផល ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ របួសធ្ងន់ធ្ងរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកហ្វតរ៉ែងជឺ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-9501 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីបញ្ច្រាសទិសគ្នាជាមួយម៉ូតូជនរងគ្រោះ ដែលធ្វើដំណើរទិសដៅពីភ្នំពេញ អ្នកលឿង លុះបានមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្លងផ្លូវ ក៏ត្រូវរថយន្តខាងលើបើកក្នុងទិសដៅបញ្ច្រាសបុកចំពេញទំហឹងអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅភ្នំពេញ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់ ដោយទុករថយន្តនៅកន្លែងកើតហេតុ៕

មតិយោបល់