ព័ត៌មានកីឡា

អ៊ំ សេរីរ័ត្ន មោទនភាពដែលបាល់ទាត់ជាតិរីកចំរើន រហូតទាក់ចិត្តអ្នកសិល្បៈ

ក្រោយក្រសោបបានឱកាសច្រៀងបទចូលឆ្នាំថ្មីរបស់ផលិតកម្ម Town អ្នកចាំទីឆ្នើម អ៊ំ សេរីរ័ត្ន បានបង្ហាញមោទនភាពដែលវិស័យបាល់ទាត់កម្ពុជាលេចមុខលេខមាត់ រហូតមានអ្នកសិល្បៈចាប់អារម្មណ៍។

ថ្លែងប្រាប់ Post Sport កាលពីយប់មិញ នៅជើងភ្នំបាសិដ្ឋ អ៊ំ សេរីរ័ត្ន បាននិយាយថា វាពិតជារឿងភ្ញាក់ផ្អើលមួយដែលការរីកចម្រើនរបស់បាល់ទាត់ ធ្វើអោយអ្នកសិល្បៈចាប់អារម្មណ៍ ច្របាច់បញ្ចូលគ្នាដើម្បីសម្តែងទាញប្រជាប្រិយភាពបន្ថែម។

« បាទ មើលទៅប្លែកម្យ៉ាងដែរ ដែលពួកខ្ញុំគ្រាន់តែជាកីឡាករបាល់ទាត់សោះ តែអាចទាក់ចិត្តផលិតកម្មដ៏ធំនេះ អោយហៅមកច្រៀងបាន។ និយាយទៅជាមោទនភាពចំពោះបាល់ទាត់ខ្មែរដែលកក្រើកខ្លាំង បើមិនអញ្ចឹងគេមិនផ្តល់ឱកាសដល់អ្នកមិនអាជីពដូចយើងឡើយ។ » សម្តីអ្នកចាំទីដៃទី១ក្រសួងការពារជាតិ។

អ៊ំ សេរីរ័ត្ន និងមិត្តរួមក្រុម៣នាក់ទៀតមាន ភួង សុខសាណា ឈិន ឈឿន និងច្រឹង ពលរដ្ឋ ត្រូវបានផលិតកម្ម Town ផលិតបទចម្រៀងមួយបទអោយបកស្រាយរួមគ្នា ដែលអត្ថន័យទាក់ទងនិងបាល់ទាត់ ហើយនឹងចេញលក់នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។

មតិយោបល់