ព័ត៌មានជាតិ

ជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវកងរាជអាវុធហត្ថចាប់ខ្លួន

កំពង់ស្ពឺ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់ខ្លួន ក្រោយពីត្រួតពិនិត្យរកឃើញថា មានពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង១០នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យក្រុមសមត្ថកិច្ចប្រចាំបញ្ជាការដ្ឋានកងរាជអវុធហត្ថ ខេត្តកំពង់ស្ពឺ ចុះឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន២នាក់ ដោយទី១មានឈ្មោះ ផា សុផាន់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន មុខរបរមិនពិតប្រាកដ។ ចំណែកជនសង្ស័យទី២មានឈ្មោះ អឿ សឺធីន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន មុខរបរមិនពិតប្រាកដ ដូចគ្នា ។

ក្នុងនោះដែរ កម្លាំងធ្វើការដកហូតបាន ដបសម្រាប់ជក់ចំនួន២ ដែកកេះចំនួន៣ ថង់ច្រកគ្រឿងញៀនសម្រាប់ច្រករំលែកមួយចំនួនធំ ក្រដាសអាលុយមីញ៉ូម១ដុំ ដាវសាំម៉ូរ៉ៃចំនួន១ដើម ម៉ូតូម៉ាក Icon ស៊េរី២០១២ ពណ៌លឿង គ្មានផ្លាកលេខ ចំនួន១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងតាមបញ្ជូនទៅតុលាការតាមនិតីវិធីច្បាប់ ៕

មតិយោបល់