ភ្នំពេញ: អគ្គិភ័យមួយបានឆាបឆេះ គំនរឈើដែលគេទុកចោលក្រោយផ្ទះ ធ្វើឲ្យម្ចាស់ផ្ទះនាំគ្នាផ្អើល រត់ជាន់គ្នា មកពន្លត់ទាំងកណ្តាលយប់។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ១និង ២០នាទីយប់ឈានចូលថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០១៧ ស្ថិតផ្ទះជាប់ផ្លូវលេខ ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសអ្នករត់ម៉ូតូឌុបពេលយប់ម្នាក់បាននិយាយប្រាប់ថា មុនពេលកើតហេតុ គាត់បានឃើញមានផ្សែងហុយឡើងលើមេឃ ដោយលាយជាមួយនិង អណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅតែម្តង។
ភ្លាមៗនោះ គាត់បានស្រែកឆោឡោរ ដល់ម្ចាស់ផ្ទះ ដែលកំពុងសម្រាន្តលុងលក់យ៉ាងស្រួលមិនដឹងរឿងឆេះនោះ បានក្រោកមក នាំគ្នាផ្អើលមើល ទើបដឹងថា ភ្លើងឆេះគំនរឈើដែលទុកចោលផ្ទះរបស់ ទើបពួករត់ចែកជើងគ្នាទៅយកទឹកមកចាក់ ពន្លត់ប្រហែល១០នាទី ទើបភ្លើងចាប់ផ្តើមរលត់ទៅវិញផងដែរ។
ទោះជាយ៉ាងណា ម្ចាស់ផ្ទះខាងលើ បានបញ្ជាក់ថា ភ្លើងដែលបានឆាបឆេះគំនរឈើដែលទុកចោល គេមិនទាន់ដឹងថាបណ្តាលមកពីមូលហេតុអ្វី នៅឡើយទេ ហើយការឆាបឆេះនេះក៏មិនបណ្តាលឲ្យឆេះរាលដាលទៅដល់ផ្ទះសម្បែងរបស់គាត់នោះដែរ ៕
មតិយោបល់