Post News Media ព័ត៌មានជាតិ រថយន្ត និងម៉ូ...

រថយន្ត និងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់បាក់ជើងម្ខាង

ភ្នំពេញ: បុរសម្នាក់រងរបួសបាក់ជើងឆ្វេងម្ខាង ខណ:បើកបញ្ច្រាសទិសគ្នាហើយបានបុកគ្នាពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសម្តេច ជា ស៊ីម ក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេកកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសងសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR-8122 បើកបរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏បានបើកមកខាងឆ្វេង មួយសន្ទុះក្រោយមកក៏បត់ម៉ូតូបំណងទៅស្តាំវិញ ខណ:នោះក៏មានរថយន្តមួយគ្រឿងប្រភេទដឹកដី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-4819 បើកបរទិសដៅពីកើតទៅលិចជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យដួលម៉ូតូបាក់ជើងម្ខាងតែម្តង ហើយភ្លាមៗនោះតៃកុងរថយន្តបានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ បន្តទៀត៕