ព័ត៌មានសេដ្ឋកិច្ច

ប្រាក់ឈ្នួលកម្មករ នឹងបើករៀងរាល់ ២សប្តាហ៍ ដើម្បីកាត់បន្ថយហានិភ័យការងារ

ប្រាក់ឈ្នួលកម្មករនិយោជិត នឹងត្រូវបើករៀងរាល់ ២សប្តាហ៍ម្តង ហើយប្រាក់អត្ថប្រយោជន៍បើក ១ឆ្នាំម្តង ដើម្បីកាត់បន្ថយហានិភ័យការងារ ដែលមានផលអវិជ្ជមានដល់និយោជិត។ នេះបើយោងតាមការឲ្យដឹងពីលោក អ៊ិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានបន្តថា ក្រសួង នឹងពង្រឹងការអនុវត្តច្បាប់ការងារ ឲ្យនិយោជក បើកប្រាក់ឈ្នួលឲ្យនិយោជិតរៀងរាល់ ២សប្តាហ៍ម្តង ដើម្បីកាត់បន្ថយហានិភ័យ នៅពេលរោងចក្របិទ ឬថៅកែរត់ចោលដោយមិនទទួលខុសត្រូវ។

ការបើកប្រាក់ឈ្នួលរៀងរាល់កន្លះខែម្តង​ មានន័យថា កម្មករឆាប់បានប្រាក់ឈ្នួល ហើយនិយោជក ក៏ជំពាក់មិនសូវច្រើន បើមានបញ្ហាកើតឡើង គឺកម្មករខាតបង់តិចដែរ។

នៅក្នុងឆ្នាំ ២០១៦ រោងចក្រកាត់ដេរ និងផលិតស្បែកជើង នៅទូទាំងប្រទេសកម្ពុជា បិទទ្វារចំនួន ១៤១កន្លែង និងបើកថ្មីចំនួន ១៤៩កន្លែង។

គួររម្លឹកដែរថា គិតមកទល់ពេលនេះ ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត ត្រូវបានពិភាក្សាជាលក្ខណៈត្រីភាគីបានចំនួន ១៣លើក ដោយកើនពី ៤០ដុល្លារអាមេរិក ក្នុងឆ្នាំ ១៩៩៧ រហូតដល់ ១៥៣ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧នេះ៕

មតិយោបល់