UN: ការដាក់ទណ្ឌកម្មអន្តរជាតិ កាលពីពេលថ្មីៗនេះ ដែលមានគោលបំណងទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងធ្វើឲ្យមានការលំបាកដល់ការខំប្រឹងប្រែងខាងជំនួយមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ដែលត្រូវការជំនួយ ក្នុងប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
កូរ៉េខាងជើងនៅតែប្រកាន់ខ្ជាប់ការអភិវឌ្ឍឃ្លាំងអាវុធនុយក្លែអ៊ែរ ទោះបីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិរួមជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មយ៉ាងខ្លាំង ដើម្បីទប់ស្កាត់កុំឲ្យកូរ៉េខាងជើងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរយ៉ាងណាក្តី។ ការដាក់ទណ្ឌកម្មនេះ បានស្ថិតនៅក្រោមសេចក្តីសម្រេចចិត្តលេខ២២៧០ និង ២៣២១ ដែលអនុម័តកាលពីខែមិនា និងខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានគោលបំណងកាត់ផ្តាច់ប្រាក់ សម្រាប់សកម្មភាពនុយក្លេអ៊ែរ និងយោធារបស់របបនោះ។ សេចក្តីសម្រេចចិត្តនោះ អំពាវនាវដល់រដ្ឋជាសមាជិកឲ្យកម្រិតការធ្វើពាណិជ្ជកម្មខាងហិរញ្ញវត្ថុរបស់កូរ៉េខាងជើង និងបញ្ឈប់ជំនួយបរទេសខ្លះ លើកលែងជំនួយនោះ ចាំបាច់សម្រាប់ផ្នែកមនុស្សធម៌។
សេចក្តីសម្រេចចិត្តលេខ២៣២១ ចែងថា វិធានការទាំងនោះ ធ្វើឡើងតាមសេចក្តីសម្រេចចិត្តនេះ មិនមានគោលបំណងធ្វើឲ្យមានផលវិបាក ខាងមនុស្សធម៌សម្រាប់ពលរដ្ឋស៊ីវិល របស់សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េទេ។
ទោះជាយ៉ាងណាក៏ដោយ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បាននិយាយថា ការដាក់ទណ្ឌកម្មនោះ បណ្តាលឲ្យមានឧបសគ្គយ៉ាងខ្លាំង នៅពេលធ្វើសកម្មភាពរបស់ខ្លួន នៅក្នុងរដ្ឋកុម្មុយនិស្តនេះ ដែលត្រូវការជំនួយ ខណៈសហគមន៍អន្តរជាតិខិតខំបន្តជំនួយក៏ដោយ៕

មតិយោបល់