ព័ត៌មានជាតិ

ចំជារហ័សមែន! ម្ចាស់ចុះមិនទាន់ចេញផុតស្រួលបួលផង ចូលក្នុងរថយន្តបើកចេញទៅ ត្រូវសមត្ថកិច្ចស្ទាក់ឃាត់ខ្លួន

ព្រះសីហនុ: មានករណីជនសង្ស័យម្នាក់លួចរថយន្តជនជាតិចិន កាលពីវេលាម៉ោង ១១ និង ៣៥នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ WANG QIFU ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ រស់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ សុវណ្ណ សេងលៀង ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាងដែក រស់នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្ភារ:បាត់បង់៖ រថយន្ត១គ្រឿងម៉ាក ហាយលែនឌឺ ពណ៌ត្រាវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-7810 ។
វត្ថុតាងដកហូតបាន៖ រថយន្ត១គ្រឿង ម៉ាក ហាយលែនឌឺ ពណ៌ត្រាវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-7810។

ដំណើររឿង៖ កាលពីវេលាកើតហេតុ ជនរងគ្រោះបានចុះពីរថយន្តទៅទិញផ្លែឈើដោយមិនបានពន្លត់រថយន្ត ភ្លាមនោះស្រាប់តែជនសង្ស័យចូលបើករថយន្តគេចខ្លួនបាត់តែម្ដង។ ឃើញដូចនេះជនរងគ្រោះក៏រាយការទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់