ព័ត៌មានជាតិ

កាមរីឆ្លាម បើកលឿនបុកក្បាលព្រួញចែកទ្រូងផ្លូវបាក់ខ្ទេច

ភ្នំពេញ: រថយន្តកាមរីឆ្លាមមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតមួយកំណាត់ផ្នែកខាងមុខទាំងស្រុង និងបែកពោងសុវតិ្ថភាពទាំង២តែម្តង។ ចំណែករបាំងថ្មចែកទ្រូងផ្លូវបាក់អស់៣ផ្ទាំងរួមទាំងក្បាលព្រួញផងដែរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣៥នាទី យប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ ទីតាំងកើតហេតុស្ថិតនៅទល់មុខ ក្រសួងសុខាភិបាល ផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្លែ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-7187 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ បណ្តាលឲ្យផ្នែកខាងមុខនៃរថយន្តរងការ ខូចខាតស្ទើរទាំងស្រុង និងបែកពោងសុវត្ថិភាពទាំងសងខាងតែម្តង។ ចំណែកម្ចាស់រថយន្តរងរបួសធ្ងន់ បានចុះពីរថយន្តទៅបាត់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងនិងយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្ត មកធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ផងដែរ៕

មតិយោបល់