ភ្នំពេញ: យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀនបង្ក្រាប៣៨ករណី ឃាត់មនុស្ស ៧២នាក់ក្នុងនោះមានស្រី៧នាក់ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានមុខសញ្ញាជួញដូរគ្រឿងញៀន១៩ករណី ឃាត់ខ្លួន៣២នាក់ ក្នុងនោះស្រី៥នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន១៩ករណី ឃាត់៤០នាក់ ក្នុងនោះស្រី២នាក់ រួមទាំងវត្ថុតាង មាន មេតំហ្វេតាមីន(ice)=១៧,៩០ក្រាម, ១កញ្ចប់ធំ និង៤៨កញ្ចប់តូច មេតំហ្វេតាមីន(wy)=៧គ្រាប់។
លទ្ធផលដែលបង្ក្រាប ហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៧២នាក់ និងវត្ថុតាង១ចំនួននេះមានការចូលរួម ១២អង្គភាពមាន ១.មន្ទី ២.បាត់ដំបង ៣.បន្ទាយមានជ័យ ៤.កំពង់ឆ្នាំង ៥.កំពត ៦.កោះកុង ៧.ស្វាយរៀង ៨.ព្រៃវែង ៩.សៀមរាប១០.ព្រះសីហនុ ១១.ពោធ៍សាត់ ១២.រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕
មតិយោបល់