ព័ត៌មានជាតិ

រថយន្តនិងម៉ូតូ បុកគ្នា នៅស្រុកបន្ទាយមាស របួសធ្ងន់២នាក់

កំពត ៖ បុរសម្នាក់និងស្រ្តីម្នាក់ បានទទួលរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បើកបរស្របទិសគ្នាកាលពីយប់ថ្ងៃទី ៣ខែមេសា ឆ្នាំ២០១៦ ម៉ោងជិត៨យប់ នៅលើដងផ្លូវជាតិលេខ ៣១ ត្រង់ចំណុចភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ បើកបរស្របទិសគ្នា ពីត្បូងមកជើង ពេលមកដល់ចំណុចកើតហេតុខាងលើម៉ូតូក៏បត់ឆ្វេង ទើបរថយន្តជាន់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ស៊ុន ភេទប្រុស អាយុ ៣៣ឆ្នាំ បាក់កជើងខាងឆ្វេង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ហួត ភាន ភេទស្រី អាយុ ៥៦ឆ្នាំ រងរបួសបែកប្រអប់ជើងខាងឆ្វេងទាំងស្រុង អ្នកទាំងពីរមានទីលំនៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ជនរងគ្រោះជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CU-4159។ 
ចំណែករថយន្តបង្កហេតុ និងអ្នកបើកបរត្រូវបានឃាត់ខ្លួន និងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស។ 
ម្ចាស់រថយន្ត ឈ្មោះ ជុំ រឿន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអជ្គរជ័យ ខេត្តកំពត៕
   
    
    
 

មតិយោបល់