ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឆ្មក់បង្ក្រាបទីតាំងជល់មាន់ ឃាត់ខ្លួនបានមនុស្ស៤នាក់

ភ្នំពេញៈ ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជល់មាន់ មួយកន្លែងឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១១ និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងដីវាល មួយកន្លែង តាមបណ្តោយផ្លូវបេតុងប្រឡាយភ្លោះ ក្រុម៧ ភូមិឡេកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ទី១ឈ្មោះ អ៊ុក កុសល ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំក្នុងបន្ទាយ ឡុង ឈិន ព្រែកព្នៅ, ទី២ឈ្មោះ ហង្ស រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ,ទី៣ឈ្មោះ តូច គង់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ប៉ះកង់ម៉ូតូ មានទីលំនៅភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងទី៤ឈ្មោះ ប៊ុយ វ៉ាំចាម ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងឈើ មានទីលំនៅផ្ទះគ្មានលេខ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ ក្នុងនោះមានសង្ស័យម្នាក់ មិនជាប់ពាក់ព័ន្ធនឹងករណីខាងលើ ត្រូវបានសមត្ថកិច្ចឲ្យត្រឡាប់ទៅវិញ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបតិ្តការនេះ គឺសមត្ថកិច្ចយើងបានទទួលបទបញ្ជាពីលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនគរបាលទាំង ៦ប៉ុស្តិ៍ ធ្វើការស្រាវជ្រាវបង្ក្រាបទីតាំងជល់មាន់ មួយកន្លែងស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក។ ក្រោយពីបានទទួលបទបញ្ជានេះរួចមក សមត្ថកិច្ចយើងទាំង ៦ប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងជល់មាន់ខាងលើ ដោយក្នុងនោះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូតបានមាន់ជល់ចំនួន ៥ក្បាល ដោយក្នុងនោះ ស្លាប់ ១ក្បាលពេលបញ្ជូនមកដល់ខណ្ឌ, ជញ្ជីងថ្លឹងមាន់ចំនួន ១គ្រឿង, ស្កត់រុំខ្នាយមាន់ចំនួន ៥ដុំ ,កន្ត្រកដាក់មាន់៥ និងម៉ូតូ១៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់