ព្រះសីហនុៈ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានធ្វើការបង្ហាញមុខក្រុមចោរលួចម៉ូតូ យ៉ាងសកម្មនៅក្នុងក្រុងព្រះសីហនុចំនួន៤នាក់។
លោកវរសេនីយ៍ទោ ស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ នៅផ្ទះល្វែងក្នុងសង្កាត់លេខ២ មានចោរមួយក្រុមបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយ លួចយកម៉ូតូ ហើយត្រូវបានកម្លាំងនគរបាល ដេញប្រផាប់ប្រភីងចាប់បានម្នាក់ ឈ្មោះ ម៉េង ឈាង ហៅ វ៉ាង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ។
លោកបន្តថា ដោយមើលឃើញពីរូបភាពវីដេអូ តាមកាមេរ៉ាសុវត្ថិភាព ព្រមទាំងមានការបញ្ជា ណែនាំផ្ទាល់ ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដោយមានកិច្ច សហការ ជាមួយនគរបាលបាលមូលដ្ឋាន កម្លាំងអធិការដ្ឋាននគរបាលក្រុង និង ស្រុកព្រៃនប់ផង ទើបនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ សមត្ថកិច្ចបានបន្តទៅចាប់ខ្លួន មុខសញ្ញា ពាក់ព័ន្ធបានចំនួន៤នាក់បន្ថែមទៀត នៅក្នុងភូមិ,ឃុំអណ្ដូងថ្មស្រុកព្រៃនប់។
ក្នុងនោះជនសង្ស័យទី១ឈ្មោះ ជូវ សំណាង ហៅខ្នាង ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ មិនពិតប្រាកដ។ ទី២ឈ្មោះ លី សុភ័ក្រ្ត ហៅតួ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ។ ទី៣ឈ្មោះ ជូវ ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ សមគំនិត និងជនសង្ស័យទី៤ឈ្មោះ សុខ ចំរើន ហៅដូច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទទួលផល ពួកគេទាំង៤នាក់ សុទ្ធតែមានស្រុកកំណើតនិងទីលំនៅ ក្នុងភូមិ-ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន សោសម្រាប់កាច់បំបែកសោកម៉ូតូ១, ដង្កាប់អូតូម៉ាទិចចំនួន១,ម៉ូតូស្កុបពីពណ៌សចំនួន១គ្រឿង,ម៉ូតូអ៊ែរប្លែត ចំនួន២គ្រឿង,ម៉ូតូហ្វីនណូ ចំនួន១គ្រឿង, ម៉ូតូវីសិនចំនួន១គ្រឿង ,ម៉ូតូ Zoomer-X ចំនួន១គ្រឿង និងដង្កាប់កាត់ដែកចំនួន១ ផងដែរ ហើយបើតាមចម្លើយសារភាព មុខសញ្ញានេះ ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ ជាច្រើនលើកមកហើយ មិនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពួកវាបានឡើយ។
ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូកន្លងមក សូមយកឯកសារ អត្តសញ្ញាណ មកផ្ទៀងផ្ទាត់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីមកទទួលយកម៉ូតូទៅវិញផងដែរ៕
មតិយោបល់