ព័ត៌មានជាតិ

Update: ករណីរថយន្តបាឡែន បុកបង្គោលភ្លើង ស្របពេលតាកូម៉ាមួយគ្រឿងទៀត រេចង្កូតទៅជាប់និងក្បាលលូ

ភ្នំពេញ: រថយន្តបាឡែនមួយគ្រឿង បើកយ៉ាងលឿន រេចង្កូតទៅបុកបង្គោលភ្លើង ពេញទំហឹងបណ្តាលឱ្យបាក់អស់១ដើម រីឯរថយន្តរងការខូចខាតកំណាត់មុខយ៉ាងដំណំ ខណៈនោះក៏មានរថយន្តម៉ាកតាកូម៉ា១គ្រឿង ភ័យពេករេចង្កូតទៅជាប់និងក្បាលលូនៅក្បែរនោះដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៧នាទី រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតតាមផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តដែលបុកបង្គោលភ្លើងនោះ ម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AL- 9694។ ចំណែករថយន្តដែលភ័យរេទៅជាប់ក្បាលលូនោះ ម៉ាកតាកូម៉ា ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2Q-2509។

ប្រភពពត៌មាន ពីម្ចាស់រថយន្តតាកូម៉ានៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់ឃើញរថយន្តម៉ាកកាមរីបាឡែន បើកតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបើកគេចម៉ូតូ១មួយគ្រឿង ដែលបើកស្របទិសគ្នា នៅពីមុខហើយក៏ជ្រុលចង្កូតរេទៅបុកបង្គោលភ្លើង ពេញទំហឹងបណ្តាលឱ្យបាក់១អស់១ដើម និងខូចខាតរថយន្តកំណាត់មុខតែម្តង។

ចំណែកបុរសជាអ្នកបើករថយន្តម៉ាកតាកូម៉ា បើកទិសដៅពីជើងទៅត្បូង ភ័យពេកក៏ជ្រុលចង្កូត រេងាកស្តាំបណ្តាលឱ្យកង់រថយន្តខាងមុខ ផ្នែកខាងស្តាំជាប់នៅក្បាលលូបើកទៅមុខលែងរួច។

ក្រោយពេលកើតហេតុ រថយន្តកាមរីបាឡែនត្រូវបាន សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ។

ចំណែករថយន្តតាកូម៉ា ត្រូវបានម្ចាស់ហៅរថយន្តស្ទូចហើយត្រឡប់ទៅគោលដៅរបស់គាត់វិញ៕

មតិយោបល់