ព័ត៌មានជាតិ

ចុម! ចោរប្លន់ប្រដាប់អាវុធតាំងពីឆ្នាំ២០០១ និងចោរម្នាក់ទៀតជិះម៉ូតូដើរលក់ដោយគ្មានឯកសារ ត្រូវសមត្ថកិច្ច…

តាកែវៈ ក្រោយពីបានកំណត់មុខសញ្ញា និងស្រាវជ្រាវយ៉ាងម៉ត់ចត់ តាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចំពោះមុខសញ្ញាលួច ឆក់ ប្លន់ក្នុងមូលដ្ឋាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីអំពើលួច(ម៉ូតូ)។

ជនសង្ស័យទី០១មានឈ្មោះ សៀង កុសល ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ (មុខសញ្ញាកាច់សោម៉ូតូ) ឃាត់ខ្លួនខណៈពេលជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុយគីនិច ដើរលក់ដោយគ្មានឯកសារ ត្រង់ចំណុចនៅភូមិខ្លាគ្រហ៊ឹមឃុំតាភេម ស្រុកត្រាំកក់ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យទី០២មានឈ្មោះឡាយ សុភាព ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង នៅចំណុចភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង (មុខសញ្ញាកាច់សោម៉ូតូ) ដែលមុខសញ្ញាខាងលើ មានដីកាចាប់ខ្លួនផងដែរ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) ប្រព្រឹត្តនៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០១ ហើយបានរត់គេចខ្លួនដល់បច្ចុប្បន្ន ។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់
-ទូរស័ព្ទដៃ ០២គ្រឿង
-ម៉ូតូ០២គ្រឿង
-ស្លាកលេខម៉ូតូចំនួន ០៣ស្លាក និងសម្ភារមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់