ព័ត៌មានជាតិ

នារីម្នាក់ ត្រូវចោរឆក់កាបូបយកទៅបាត់ ដួលបោកក្បាលនឹងថ្នល់ របួសធ្ងន់

ភ្នំពេញៈ នារីម្នាក់បានរងរបួសបោកក្បាលនឹងថ្នល់ធ្ងន់ធ្ងរ បន្ទាប់ពីនាងបានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូគ្រឿង ធ្វើសកម្មភាពឆក់ការបូបពីនាងបានសម្រេច បណ្តាលឲ្យដួលម៉ូតូបោកនឹងថ្នល់មួយទំហឹង ចំណែកជនសង្ស័យនាំគ្នាជិះម៉ូតូគេចទៅបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង២៥នាទី យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ទល់មុខក្រសួងអភិវឌ្ឍជនបទ ក្បែរសួនក្តាន់ពីរតែម្តង ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បុរសម្នាក់ដែលឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញនារីម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1J- 9626 ជិះម្នាក់ឯងតាមបណ្តោតផ្លូវសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាក ឌ្រីមសេ១២៥ ពណ៌ខ្មៅមិនចាំស្លាកលេខ បានជិះតាមពីក្រោយនារីរងគ្រោះ ដោយគាត់ស្មានថាជាអ្នកស្គាល់គ្នា ឬជាសង្សារបស់នារីរងគ្រោះ ស្រាប់តែមិនទាន់ដឹងអីផង ជនសង្ស័យនោះ ក៏ជិះម៉ូតូទៅជិះម៉ូតូនារីរងគ្រោះ រួចធ្វើសកម្មភាព ឆក់ការបូបពីនារីរងគ្រោះដែលស្ពាយជាប់នៅខ្លួនមួយទំហឹងបណ្តាលឲ្យនារីរងគ្រោះដួលម៉ូតូបោកក្បាលនៅនឹងថ្នល់ ហូរឈាមរងរបួសសន្លប់លែងដឹងខ្លួន។

ដោយឃើញបែបនេះ គាត់បានក៏បានទៅលើកម៉ូតូ របស់នារីជនរងគ្រោះដែលសង្កត់ពីលើនាងចេញ និងជួញហៅរថយន្តសាមុយមកសង្រ្គោះនាងភ្លាមៗផងដែរ ។

ក្រោយកើតហេតុប្រហែល១០នាទី នារីរងគ្រោះបានដឹងខ្លួនឡើង ក៏បានស្រែកសួរគេឯង ដោយមើលគាត់ដូចជារវើលរវាយទៅហើយ។ ទោះជាយ៉ាងណានារីរងគ្រោះដែលត្រូវចោរឆក់ការបូបបានសម្រេចនោះ ក៏ព្រមឡើងរថយន្តសាមុយទៅមន្ទីរពេទ្យព្យាបាល ហើយចុងក្រោយ សមត្ថកិច្ចបានត្រឹមតែមកទទួលយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកប៉ុណ្ណោះ ៕

មតិយោបល់