ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្ត២គ្រឿង បើកក្នុងល្បឿនលឿនដូចហោះ បុកគ្នាពេញទំហឹងនៅទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី បណ្តាលឲ្យមនុស្ស៩នាក់ រងរបួសធ្ងន់ស្រាល ត្រូវរថយន្តសាមុយបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AG-6362 រួមដំណើរជាមួយក្រុមគ្រួសារមានគ្នា៦នាក់ ក្នុងនោះមានក្មេងម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១០៩ ក្នុងទិសដៅពី ត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកែងទីស្តីការគណៈរដ្ឋមន្ត្រី ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ស្តាររ៉េច ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-4530 រួមដំណើរដោយមនុស្សប្រុសស្រី៣នាក់ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត បើកក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នា ក៏បានបុកគ្នាពេញទំហឹងបណ្តាលឲ្យរថយន្តទាំងសងខាងវិលឆ្លាស់ទិសគ្នា រងការខូចខាតធ្ងន់ទាំងសងខាង។ ដោយរថយន្តឡិចស៊ីស រងការខូចខាតមួយកំណាត់ផ្នែកខាងឆ្វេង និងបែកពោងសុវត្ថិភាពទាំងគូតែម្តង។
ចំណែករថយន្ត ស្តាររ៉េច ជ្រុះកញ្ចក់ធ្លាក់ចេញមកក្រៅ ធ្លាក់កាងមុខរបស់រថយន្តជ្រុះទាំងស្លាកលេខ ដែលជាប់នឹងកាងមុខ ព្រមទាំងបែកពោងទាំងគូដូចគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើនេះ ភាគីខាងរថយន្តឡិចស៊ីស រងរបួសធ្ងន់ស្រាលទាំង៦នាក់ ចំណែករថយន្តស្តាររ៉េចរងរបួសធ្ងន់ស្រាល៣នាក់ សរុបមនុស្សរងរបួសធ្ងន់ស្រាលចំនួន៩នាក់ ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយករថយន្តទាំង២គ្រឿងទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយ នៅតាមនិតិវិធីច្បាប់ផងដែរ៕
មតិយោបល់